កម្ពុជា និងអង្គការសហប្រជាជាតិបង្កើនប្រសិទ្ធភាពបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុងហួត៖

ក្រោមកិច្ចសហការកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រឹដ្ឋកម្មហៅកាត់ថាUNODC បានកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការិយាល័យទំនាក់ទំនងព្រំដែនBLO កាលពីថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក អ៊ីហ្គរ កុងដ្រាតយ៉េវ (Igor Kondratyev )តំណាងអង្គការ UNODC ទទួល បន្ទុកសម្របសម្រួលកិច្ចការរិយាល័យទំនាក់ទំនងព្រំដែនBLO ដោយមានការចូលរួមពីអភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងស្នងការរងជាអនុប្រធាន លេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តជាប់ព្រំដែនចំនួន១១ ដែលទទួលបន្ទុកការងារការិយាល័យទំនាក់ទំនងព្រំដែន BLOទាំង១៤កន្លែងនិងតំណាងគយនិងរដ្ឋាករ។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា បានប្រសាសន៍បង្ហាញពីសារសំខាន់នៃការិយាល័យទំនាក់ទំនងព្រំដែនBLO ដែលទទួលបានការការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំទាំងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជារាជរដ្ឋាភិបាល ដែលបានឆ្លុះបញ្ចាំងតាមរយ:យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀខុសច្បាប់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល តួនាទី និងភារកិច្ច របស់ការិយាល័យBLOដែលកំពុងដើរតួរយ៉ាងសំខាន់ ជួយជំរុញ ឲ្យការអនុវត្តផែនការភូមិឃុំសង្កាត់ ស គ្មានគ្រឿងញៀន នៅតាមតំបន់ព្រំដែនដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទទួលបានជោគជ័យ ពិសេសសភាពការណ៍គ្រឿងញៀនប្រទេសក្នុងតំបន់ ដូចជា វៀតណាម ថៃ ឡាវ ក៏ទទួលបានអត្ថប្រយោជន៍ពីការិយាល័យBLO ដូចកម្ពុជាដែរ ។
ឯ ក ឧត្តម ឧត្ដមសេនីយ៍ ឯក នាក់ យុទ្ធា បាន សំណូមពរ ដល់ ប្រធានការិយាល័យ BLOទាំងអស់ឲ្យយកចិត្តទុកដាក់ធ្វើការពិនិត្យពិភាក្សា លើកយកបញ្ហាប្រឈម ចំណុចខ្វះខាត និងបញ្ហាសំខាន់ៗដើម្បីបង្កើនប្រសិទ្ធភាពការងារដែលត្រូវអនុវត្តនៅពេលខាងមុខ ។
ក្នុងពិធីនោះដែរ ក៏មានចុះហត្ថលេខាប្រគល់-ទទួលសម្ភារ: របស់UNODCជូនអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងធ្វើការបែងចែកទៅតាមការិយាល័យBLOនៅពេលខាងមុខ៕