ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តអង្គកំពង់ថ្មកែវ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តអង្គកំពង់ថ្មកែវ ស្ថិតនៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំពូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាព្រឹទ្ធសភាឯកឧត្តម លោកជំទាវ ទីប្រឹក្សា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀន ធូប ផ្កាភ្ញីចំពោះព្រះរតនត្រៃ ព្រមទាំងធ្វើកិច្ចសូត្រមន្តនមស្សការ ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ  ជាច្រើនមុខទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូន ជីតាញាតិការ ទាំង៧សណ្ដាន ព្រមទាំងឧទ្ទិសដល់ដួងវិញានក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ សូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕