ម៉ាឡេស៊ីត្រៀមធ្វើតេស្ត 5G ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ប្រទេសម៉ាឡេស៊ីសង្ឃឹមថាគម្រោងធ្វើតេស្តប្រព័ន្ធសេវា 5G នៅខែក្រោយនេះនឹងធ្វើខ្លួនក្លាយជាប្រទេសមុនគេមួយនៅតំបន់អាស៊ី ដែលនឹងបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណែតល្បឿនលឿនជាងគេនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីយប់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៩។
លោក ហ្គោបាញ ស៊ីង ដេអូ (Gobind Singh Deo) រដ្ឋមន្រ្តីទំនាក់ទំនង និងផ្សព្វផ្សាយម៉ាឡេស៊ីបានឲ្យដឹងថាការធ្វើតេស្តប្រព័ន្ធ 5G ឲ្យបានឆាប់កាន់តែល្អ ព្រោះជួយឲ្យប្រទេសម៉ាឡេស៊ី ក្លាយខ្លួនជាអ្នកនាំមុខគេមួយក្នុងការប្រើប្រាស់ប្រព័ន្ធ 5G នៅក្នុងពិភពលោក។
រដ្ឋាភិបាលម៉ាឡេស៊ីបានឲ្យដឹងទៀតថា ខ្លួនចង់ចាប់ផ្តើមសេវាកម្មអ៊ីនធឺណេតតាមទូរស័ព្ទចល័តល្បឿនលឿនបំផុតនៅដើមឆ្នាំក្រោយ ដោយមិនមានការព្រួយបារម្មណ៍ដូចប្រទេសវៀតណាមនិងប្រទេសអភិវឌ្ឍន៍មួយចំនួន ដែលមិនហ៊ានឱ្យក្រុមហ៊ុនទូរគមនាគមន៍របស់ខ្លួនធ្វើការជាមួយក្រុមហ៊ុន Huawei របស់ចិននោះឡើយ ព្រោះម៉ាឡេស៊ី ផ្តោតលើលទ្ធភាពដែលអាចទទួលយកបាននៃផលិតផលរបស់ក្រុមហ៊ុន Huawei ។
ប្រភព៖ សារព័ត៌មាន Channel News Asia