រាជរដ្ឋាភិបាលក្រើនរំឭកឲ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

វិទ្យុជាតិកម្ពុជា៖ លោក វ៉ាងភក្តី

ភ្នំពេញ៖  រាជរដ្ឋាភិបាល បានក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើនឡើងខ្ពស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សំដៅបង្កាពីហានិភ័យនៃគ្រោះថ្នាក់នាំឲ្យមានមនុស្សស្លាប់ រងបួសធ្ងន់ធ្ងរ និងខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសាធារណៈ ដោយការប្រើប្រាស់ផ្លូវធ្វេសប្រហែស។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវ ក៏ដូចជាពញ្ញាក់អារម្មណ៍ជាថ្មីទៀតដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប និងទប់ស្កាត់ការបាត់បង់អាយុជីវិតរបស់ប្រជាពរដ្ឋនៅក្នុងឱកាស បុណ្យប្រពៃណីជាតិខ្មែរនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍នាពិធីបុណ្យភ្ជុំបិណ្ឌនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចអតីតបញ្ជរបង់ថ្លៃរថយន្ត ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ លោកជំទាវ បានព្រមានថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើន ឡើងខ្ពស់ក្នុងឱកាសបុណ្យធំៗ ដោយសារអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់ចរាចរណ៍។

លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កម្លាំងនគរបាលចរាចរណ៍ ត្រូវបានដាក់ពង្រាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឃាត់ និងពិន័យយានយន្តដែលប្រព្រឹត្តល្មើស នឹងច្បាប់ចរាចរណ៍។

លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានគាំទ្រឲ្យមានការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់អ្នកដំណើរនៅតាមផ្លូវសាធារណៈ ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរនេះ។ លោកមានប្រសាសន៍ថា មានតែអនុវត្តច្បាប់ឲ្យបានតឹងរឹងប៉ុណ្ណោះ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យធំៗឲ្យនៅកម្រិតទាប ខណៈប្រជាពលរដ្ឋមិនទាន់ប្តូរឥរិយាបថឲ្យបានព្រមៗគ្នាលើការប្រើប្រាស់ផ្លូវ។
សូមបញ្ជាក់ថា យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍នាពិធីបុណ្យភ្ជុំបិណ្ឌ ធ្វើឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក យុវជនកាកបាតក្រហមកម្ពុជា ដោយមានការអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក ការចែកខិតបណ្ណស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការបិទស្ទីកឃើអប់រំពីច្បាប់ចរាចរណ៍ និងការសួរឆ្លើយពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីផ្តល់មួកសុវត្ថិភាពដល់អ្នកដំណើរតាមម៉ូតូ។
យោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានបង្ហាញថា អ្នកស្លាប់ក្នុងឱកាសពិធីបុណ្យសំខាន់ៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែងមាននិន្នាការកើនឡើងខុសពីថ្ងៃធម្មតា ដោយសារកត្តាបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងពេលស្រវឹង ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវនិងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរប្រើប្រាស់ទូរស័ព្ទដៃ ប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ ជាដើម៕