សម្តេចប្រធានរដ្ឋសភាកម្ពុជាលើកពីសារៈសំខាន់នៃយុទ្ធសាស្រ្តឈ្នះឈ្នះបង្ហាញដល់ថ្នាក់ដឹកនាំសភាតំបន់អាស៊ី-អឺរ៉ុបលើកទី៤

វិទ្យុជាតិកម្ពុជា

កាហ្សាស្ថានៈ ក្នុងឱកាសឡើងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំលើកទី៤កម្រិតប្រធានសភាអាស៊ី អឺរ៉ុប នៅប្រទេសកាហ្សាស្ថាន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងពីសារៈសំខាន់និងភាពចំបាច់ នៃវប្បធម៌សន្ទនា ដែលមានលក្ខណៈបើកចំហរ ស្មោះត្រង់ ថាជាចំនុចសំខាន់ក្នុងការកសាងសុខសន្តិភាពនិងកាអភិវឌ្ឍប្រកដោយចីរភាពទំាងនៅក្នុងតំបន់ សកលលោក ឬនៅតាមប្រទេសនីមួយៗរៀងៗខ្លួន។

សម្តេច បានគូសបញ្ជាក់ថា សុខសន្តិភាពជាតម្រូវការរបស់ពិភពលោក មិនថាប្រទេសមានសេដ្ឋកិច្ចតូចតាច អភិវឌ្ឍតិចតួច ឬប្រព័ន្ធនយោបាយយ៉ាងម៉េចនោះទេ ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់បានការរស់នៅប្រកបដោយភាពសុខុដុរមនា និងវិបុលភាព។ ដូចនេះការលើកកម្ពស់ប្រព័ន្ធមួយ ដែលមានភាពបើកចំហរ ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធិភាព និងពហុភាគីដោយផ្អែកលើគោលការណ៍ច្បាប់ គឺអាចនឹងឈានទៅសម្រេចបានផលប្រយោជន៍រួមសម្រាប់ពិភពលោកទំាងមូល។

កិច្ចប្រជុំលើកទី៤កម្រិតប្រធានសភាអាស៊ី អឺរ៉ុប ដែលប្រទេសកាហ្សាស្ថានប្រារព្ធធ្វើនាពេលនេះ មានតំណាងប្រជាពលរដ្ឋនៃស្ថាប័ននីតិប្បញ្ញត្តិចំនួន៦៦ប្រទេសចូលរួមក្នុងនោះ មានប្រធានសភាចំនួន៤០ប្រទេស មកពីតំបន់អាស៊ីនិងអឺរ៉ុប រួមទំាងអង្គការអន្តរជាតិ អង្គការអន្តរសភាចំនួន១៣។ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើក្រោមប្រធានបទ “កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ ដែលជាឧត្តមភាពដ៏ខ្ពង់ខ្ពស់សម្រាប់ អ៊ឺ រ៉ា​ ស៊ា (Eurasia)” ។

ក្នុងសុន្ទរកថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ការជួបជុំក្រោមប្រធានបទដ៏ល្អមួយនេះ ស្របទៅនឹងបរិបទបច្ចុប្បន្ន ដែលចរន្តនៃពហុភាគីនិយម និងសណ្តាប់ឆ្នាប់អន្តរជាតិ ផ្អែកលើគោលការណ៍ច្បាប់កំពុងទទួលរងនូវការគម្រាមកំហែង ដោយរីកដុះដាល នៃនយោបាយប្រជាភិថុត សេដ្ឋកិច្ចជាតិនិយម ការគាំពារនិយម និងការវិលត្រឡប់ នៃនយោបាយ មហាអំណាច។ ជាក់ស្តែង សង្រ្គាមពាណិជ្ជកម្មដែលកំពុងតែរីករាលដាលកាន់តែខ្លាំង និងការកើនឡើងនៃភាពតានតឹងនយោបាយភូមិសាស្រ្ត រវាងប្រទេសមហាអំណាចបានបង្កការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សន្តិសុខសកល និងសុខមាលភាពប្រជាពលរដ្ឋ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ក្នុងកាលៈទេសៈ ដែលពិភពលោកមានការលំបាកជាច្រើនដូចពេលបច្ចុប្បន្ននេះ កិច្ចពិភាក្សាដោយបើកចំហ និងភាពជាដៃគូ កាន់តែដើរតួនាទីដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការកសាងនូវទំនុកចិត្ត និងជំរុញភាពជាដៃគូកាន់តែជិតស្និទ្ធ រវាងប្រទេសក្នុងតំបន់ និងសកលលោក។ សម្តេច មានជំនឿយ៉ាងមុតមាំថា សភាត្រូវជំរុញ និងលើកកម្ពស់តួនាទីរបស់ខ្លួន ជាពិសេសការងារការទូតសភា ឱ្យកាន់តែសកម្ម និងរស់រវើកបន្ថែមទៀត ក្នុងការបង្ហាញការងារអភិបាលកិច្ចជាសាកល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងវិបុលភាពជានិរន្ត។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា ឧបទ្វីបអ៊ឺរ៉ាស៊ា កំពុងតែទទួលបាននូវសក្តានុពលសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយអំណោយផល ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងការកើនឡើងនៃការតភ្ជាប់គ្នាក្នុងតំបន់។ ដូច្នេះត្រូវបេ្តជ្ញារក្សាឱ្យបាននូវសន្ទុះដ៏ស្វាហាប់នេះ ព្រមទាំងក្តាប់យកនូវឱកាស ដែលកើតចេញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងតំបន់ និងបដិវត្តន៍បច្ចេកវិទ្យា។

“យើងគួរបង្កើនការយកចិត្តទុកដាក់នូវវប្បធម៌សន្ទនា ដែលមានលក្ខណៈបើកចំហរ និងយ៉ាងទៀងទាត់ ដើម្បីដោះស្រាយនូវភាពខុសគ្នា និងព្យាយាមលើកតម្កើងនូវពិភពលោកមួយ ដែលប្រទេសទាំងអស់ មិនថាឡើយប្រទេសមានសេដ្ឋកិច្ចតូចតាច អភិវឌ្ឍតិចតួច ឬប្រព័ន្ធនយោបាយមិនដូចគ្នា តែពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់បានការរស់នៅប្រកបដោយភាពសុខុដុមរមនា និងវិបុលភាព។ ដូចនេះការលើកកម្ពស់ប្រព័ន្ធមួយ ដែលមានភាពបើកចំហរ ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធិភាព និងពហុភាគីដោយផ្អែកលើគោលការណ៍ច្បាប់ គឺអាចនឹងឈានទៅសម្រេចបានផលប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា”។នេះជាការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ទៅកាន់កិច្ចប្រជុំដែលមានថ្នាក់ដឹកនាំសភាក្នុងប្រទេសតំបន់អាស៊ីនិងអឺរ៉ុប ដែលមានប្រតិភូសភាជាង៦០ បានចូលរួម។

សម្តេចបានចែករំលែកយុទ្ធសាស្រ្តឈ្នះឈ្នះដល់កិច្ចប្រជុំ
នៅក្នុងឱកាសនោះសម្តេចក៏បានលើកឡើងពីជោគជ័យ និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កម្ពុជា ដែលកើតចេញពីគោលនយោបាយ “ឈ្នះ-ឈ្នះ” ដែលជាដំណោះស្រាយផ្អែកលើកិច្ចសន្ទនា និងភាពជឿជាក់លើគ្នាទៅវិញទៅមក ជាគន្លឹះចំពោះយុទ្ធសាស្រ្ត “គ្មានអ្នកចាញ់ និងអ្នកឈ្នះ” គឺ ឈ្នះទាំងអស់គ្នា។

សម្តេចបានសង្កត់ធ្ងន់ថា បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០មក កម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្តារ កសាង និងអភិវឌ្ឍជាតិ ដោយទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានកិត្យានុភាពលើឆាកអន្តរជាតិ។ កម្ពុជាបានអភិវឌ្ឍខ្លួនពីប្រទេសក្រីក្រ មកជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងឈានទៅក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាធ្លាប់ជាប្រទេសដែលទទួលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឥឡូវក្លាយជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមចំណែក រក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលរហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនទាហានជាង ៦ពាន់នាក់ ទៅកាន់តំបន់ជំលោះផ្សេងៗជុំវិញពិភពលោក ។

នៅក្នុងសន្ទរកថា របស់សម្តេចថ្លែងទៅកាន់កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងពីតួនាទីដ៏សកម្មរបស់រដ្ឋសភាកម្ពុជា នៅក្នុងវិស័យការទូតសភាដែរ។

សម្តេចបានគូសបញ្ជាក់ថា តួនាទីសភាកម្ពុជានៅលើវេទិកាអន្តរជាតិនិងការចូលរួមកសាងសុខសន្តិភាពជាមួយពិភពលោកវិញ ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ សភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរសភាជាច្រើន រួមមានវេទិកាអន្តរសភាអាស៊ាន សភាតំបន់អាស៊ី វេទិកាសភានៃប្រទេសនិយាយភាសាបារាំង និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាដើម។ សកម្មភាពទំាងនេះ បានឆ្លុះបញ្ចាំងពីតួនាទីការទូតសភា និងការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ដោយបានដាក់ចេញនូវសេចក្តីសម្រេច និងសេចក្តីប្រកាសសំខាន់ៗ ផ្តោតលើដំណោះស្រាយបញ្ហាដែលផ្តល់ប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ទប់ស្កាត់នូវការរីករាលដាលនៃការប្រតិបត្តិការការពារនិយម ដែលជាចលកររារាំងដល់ពាណិជ្ជកម្ម វិនិយោគសកល និងកំណើនប្រកបដោយបរិយាប័ន្ន។

សម្តេចបន្ថែមថា ឆ្នាំ២០២០ ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលមានសមាជិកជាង៥០ប្រទេស។ វេទិកានេះនឹងផ្តល់ឱកាសដ៏ល្អដល់សមាជិកទាំងអស់ ក្នុងការពិភាក្សាលើបញ្ហាប្រឈមជាសកល និងស្វែងរកដំណោះស្រាយរួម ព្រមទាំងពង្រឹងភាពជាដៃគូ ដើម្បីឈានទៅសម្រេចបាននូវភាពកាន់តែប្រសើរ និងវិបុលភាព សម្រាប់ប្រទេសជាសមាជិក និងពិភពលោក។កម្ពុជាបានចាប់យកការផ្លាស់ប្តូរ និងបន្តកែទម្រង់របស់ខ្លួនដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ កំណែទម្រង់ស៊ីជម្រៅខាងក្នុង និងបង្កើនមិត្តខាងក្រៅ គឺជាគោលនយោបាយជាយុទ្ធសាស្រ្តជាតិ។

សម្តេចប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រគំនិតក្នុងការរួមបញ្ចូលគ្នារវាងអឺរ៉ាស៊ា-អេកូណូមីក និងសហគមន៍ អឺរ៉ុប ហើយធ្វើការបង្កើតទំនាក់ទំនងដ៏រឹងមាំ ជាមួយអាស៊ាន និងការធ្វើសុខុដុមនីយកម្ម ជាមួយគំនិតផ្តួចផ្តើមនយោបាយចិន ខ្សែក្រវាត់ និងផ្លូវ។ សម្តេចគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយបណ្តាប្រទេសសមាជិកទាំងអស់ដែលមានវត្តមាននៅទីនេះ ក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ និងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ និងបរិស្ថាន ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០។

សូមជម្រាបដែរថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប ផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ាសហព័ន្ធរុស្ស៊ីនិងរដ្ឋសភាសាធារណរដ្ឋកូរ៉េ គឺជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់សម្រាប់ការពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ីនិងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈយោបល់ ក្នុងការការពារផលប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយចីរភាពនិងសុខុមាលភាពសង្គមនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទំាងមូល។
កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី១​ បានប្រារព្ធធ្វើនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៦​ លើកទី២ធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៧ និងលើកទី៣ធ្វើនៅប្រទេសទួរគីក្នុងឆ្នាំ២០១៨៕