សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ូស៊ានឲ្យកាន់តែជិតស្និទ្ធ

វិទ្យុជាតិកម្ពុជា៖ លោក វ៉ាង ភក្តី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគំាទ្រដល់គំនិតផ្តួចផ្តើមទាំងឡាយរបស់សភាប្រទេសកាហ្សាក់ស្ថានក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការ ការទូតសភាជាមួយសភាប្រទេសក្នុងតំបន់យូរ៉ាហ្សៀ (Eurasia) អោយកាន់តែមានសមាហរណកម្មជិតស្និទ្ធជាមួយគ្នា។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជា និងកាហ្សាក់ស្ថានអាចក្លាយជាប្រទេសសំខាន់២ ដែលអាចដើរតួនាទីជាស្ពានក្នុងការធ្វើការតភ្ជាប់រវាងអាស៊ាន (ASEAN) និងសហភាពសេដ្ឋកិច្ចអឺរ៉ូស៊ានអោយកាន់តែជិតស្និទ្ធថែមទៀត។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាបែបនេះ បានធ្វើនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម នួរឡេន និចម៉ាទូលីន (Nurlan Nigmatulin) ប្រធានរដ្ឋសភាកាហ្សាក់ស្ថាន នៅវិមានរដ្ឋសភាកាហ្សាក់ស្ថាន នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ខណៈសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ នៅទីក្រុងណឺសុលតង់ សាធារណរដ្ឋកាហ្សាក់ស្ថាន។

ឯកឧត្តម នួរឡេន និចម៉ាទូលីន បានថ្លែងអំណរគុណដល់សម្តេចប្រធានរដ្ឋសភាដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ ដែលរដ្ឋសភាកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះនេះ។ វត្តមានរបស់សម្តេចពេលនេះ ជាប្រវត្តិសាស្រ្ត និងធ្វើឲ្យកិច្ចប្រជុំនេះទទួលជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមអបអរសាទរចំពោះការអភិវឌ្ឍរបស់កាហ្សាក់ស្ថាន។ សម្តេចចង់ឃើញប្រទេសទាំងពីរ កម្ពុជា-កាហ្សាក់ស្ថាន មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ជាដើម។

ឯកឧត្តម នួរឡេន និចម៉ាទូលីន បានទទួលការគោរពអញ្ជើញរបស់សម្តេចប្រធានទៅចូលរួមកិច្ចប្រជុំភាពជាដៃសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ខាងមុខនេះ៕