ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានអាយុកាលយូរជាងគេ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៩ -រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលប្រារព្ធខួបទី២៦ឆ្នាំ នៅថ្ងៃនេះ គឺជារដ្ឋធម្មនុញ្ញដែលមាន អាយុ កាលវែងជាងគេ ក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ របស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៤៧ មក។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ នាឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសមត្ថ​កិច្ច​របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែល​ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាភូមិន្ទរដ្ឋបាល ។

ឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ ដែលមាន១៧ជំពូក ចែកចេញជា១៦០មាត្រា ត្រូវបានធ្វើវិសោធនកម្មចំនួន០៨​លើករួច​មកហើយ ដោយការធ្វើវិសោធនកម្មលើកទី១ គឺនៅឆ្នាំ១៩៩៤ លើកទី២ ក្នុងឆ្នាំ​១៩៩៩ លើកទី៣ ក្នុងឆ្នាំ២០០១ លើកទី៤ ក្នុងឆ្នាំ២០០៥ លើកទី៥ ក្នុងឆ្នាំ២០០៦ លើកទី៦ នៅឆ្នាំ២០០៨ លើកទី៧ នៅឆ្នាំ២០១៤ និងលើកទី៨ ក្នុងឆ្នាំ២០១៨ ។ ឯកឧត្តមបានពន្យល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺជាការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមជាតិ ក៏ដូច​ជាដើម្បីធានានូវសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម។ ឯកឧត្តម​​បានលើកឡើងថា បើទោះជាយ៉ាងណាក៏ដោយ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិន​មែនចេះតែធ្វើទេ ហើយក៏មិនគួរធ្វើជាញឹកញាប់ដែរ ព្រោះថាវានឹងធ្វើឱ្យរដ្ឋធម្មនុញ្ញទន់ជ្រាយ ហើយវាក៏នឹងប៉ះពាល់ដល់ភាពរឹងមាំ និងស្ថិរភាព នៃច្បាប់ដទៃទៀតផងដែរ។

ជាមួយគ្នានេះ រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា ចែងថា «​ការផ្តើមគំនិតសើរើ ឬការ​ផ្តើមគំនិតធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្រ្តី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្រ្តមួយភាគបួន នៃចំនួនសមាជិក​រដ្ឋសភាទាំងមូល។ ឯកឧត្តម ហ៊ី សោភា បានបញ្ជាក់បន្ថែមថា “ការសើរើ ឬវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តតាមមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវហាមឃាត់មិន​ឱ្យ​ធ្វើនៅពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន[… ]។ ទន្ទឹមនេះ ការសើរើ ឬវិសោធនកម្ម​មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជា​និយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ។”

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា នៅឆ្នាំ២០០៤ កម្ពុជាបានអនុម័តច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលមាន៧មាត្រា ដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ៕

ដោយ នីកា