លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញកាន់បិណ្ឌវេនទី៩  នៅវត្តវិហារសសរ១០០ ខេត្ដក្រចេះ

AKP ក្រចេះ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប នាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខុទ្ទកាល័យ រួមទាំងថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួម ក្នុងវេនកាន់បិណ្ឌទី៩ នៅវត្តវិហារសសរ១០០ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃ អាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងពិធីនោះ លោកជំទាវកិត្ដិយសអង្គបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឱ្យមាន ការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការ រីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងព្រះពរជ័យ ថ្វាយ ព្រះមហាក្សត្រ និងព្រះមហាក្សត្រី និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ថ្នាក់ដឹកនាំសមាជិក ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខសន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។

សូមបញ្ជាក់ថា អំណោយដែលយកទៅចែកជូនប្រជាពលរដ្ឋជាង១.២០០គ្រួសារ នាពេលនោះ ដោយក្នុងមួយគ្រួសារទទួលបានសារុង១ និងថវិកាមួយចំនួន ហើយលោកជំទាវ ក៏បាននាំយកនូវបច្ច័យ និងទេយ្យវត្ថុទៅវេរប្រគេនព្រះសង្ឃនៅវត្តវិហារសសរ១០០ និងវត្តគោកផងដែរ ៕

ដោយ សួស សំរិត