ផលិតផលខ្មែរទទួលការគាំទ្រច្រើនក្នុងព្រឹត្តិការណ៍ពិព័រណ៍អាស៊ានចិនលើកទី១៦ ក្នុងទីក្រុងណាននីងប្រទេសចិន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ផលិតផលខ្មែរជាច្រើនប្រភេទបានទទួលការគាំទ្រជាច្រើននៅ ក្នុងព្រឹត្តិការណ៍ពិព័រណ៍អាស៊ាន ចិន លើកទី១៦ក្នុងទីក្រុងណាននីង តំបន់ស្វយ័តគ័ងស៊ីនៃប្រទេសចិន តាមរយៈការ ទិញ ពីប្រជាជនចិន និងការភ្ជាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករខែ្មរជាមួយនឹងពាណិជ្ជករចិន។ ស្តង់ទំនិញកម្ពុជាជាង១៤០ស្តង់មកពីក្រុមហ៊ុនចំនួន៩៩ក្រុមហ៊ុនបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាស៊ាន ចិន លើកទី១៦ ដែលប្រារព្ធធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ស្ថិតក្នុង ទីក្រុងណាននីង តំបន់ស្វយ័តគ័ងស៊ី ប្រទេសចិន។ នៅក្នុងពន្លាជាតិកម្ពុជាមានការដាក់តំាងទំនិញជាច្រើនប្រភេទ ដូចជាស្តង់ផលិតផលកសិកម្ម ស្តង់សេវាកម្ម និងគម្រោងវិនិយោគ ស្តង់ម្ហូបអាហារ និងភេសជ្ជ: ស្តង់សិប្បកម្ម និងផលិតផលជាវត្ថុអនុស្សាវរីយ៍ជាដើម។

  អ្នកស្រី ខៃ គន្ធា តំណាងសមាគមសហព័ន្ធស្ត្រីជំនួញកម្ពុជារាជធានីភ្នំពេញដែលបាន នាំយកផលិតផលសិប្បកម្មចំលាក់ស្ពាន់ និងតម្បាញសូត្រនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាស៊ាន ចិន បានឲ្យដឹងថា ក្រុមប្រជាជនចិនបានចាប់អារម្មណ៍ជាខ្លំាងក្នុងការទស្សនា និងទិញផលិត ខ្មែរសម្រាប់យកទៅប្រើប្រាស់ និងតំាងលម្អនៅក្នុងគេហេដ្ឋាន។ អ្នកស្រីបន្តថា ការចូលរួមក្នុងព្រឹត្តិការណ៍តំាងពិព័រណ៍នេះមានផលប្រយោជន៍ខ្លំាងណាស់ដើម្បីឲ្យប្រជាជនចិននិងប្រទេស ដទៃទៀតបានស្គាល់ពីផលិតផលរបស់ខ្មែរហើយអាចចាប់ដៃគូធ្វើជំនួញទៅវិញទៅមកធ្វើអោយមានការរីកចំរើនផ្នែកពាណិជ្ជកម្មកម្ពុជា។«ក្នុងន័យនេះដែរគឺអាចជួយប្រជាពលរដ្ឋយើង ទី១ មានការងារធ្វើគឺផលិតរបស់សម្រាប់លក់ និងទី២គឺគាត់បានចំណេញកាលណាគាត់បានចំណេញគាត់លុបបំបាត់ចោលការភាពក្រីក្រគឺគាត់មានចំណូលគាត់មានជីវភាពធូរធារពីមួយថ្ងៃៗ។

  ចំណែកលោក យ៉ន សុវណ្ណប្រធានក្រុមហ៊ុនបាយ័នសៀរាល ដែលបានតំាងបង្ហាញផលិតផលអង្ករក្រអូបរបស់កម្ពុជាបានឲ្យដឹងថា តាមរយៈការចូលរួមតាំងពិព័រណ៍នេះនឹង ធ្វើអោយប្រជាជនចិនកាន់តែស្គាល់ពីអង្ករក្រអូបរបស់កម្ពុជាដែលជួយជំរុញការនាំចេញអង្ករ ពីកម្ពុជា មកកាន់ប្រទេសចិនបានកាន់តែច្រើនតាមផែនការដែលបានគ្រោងទុកគឺប្រមាណជាង៤០ម៉ឺនតោនក្នុងមួយឆ្នាំ។«ឥឡូវនៅក្នុងទីផ្សារស្រុកចិនក៏ឃើញចំនួននាំចូល៣១ភាគរយ មិនចាញ់ម៉ាឡេប៉ុន្មានទេ អញ្ចឹងទេយើងសង្ឃឹមថាទៅថ្ងៃមុខទៅយើងនឹងល្បីល្បាញចំនួនវានឹងកើនឡើងដល់ថ្ងៃណាមួយអាចឡើងដល់១លានតោនក្នុងរយៈពេលខ្លីប៉ុន្តែចង់បានកន្លែងផ្សព្វផ្សាយទីផ្សារបន្ថែមទៀត។

  ក្រៅពីស្តង់ទំនិញនៅក្នុងពន្លាជាតិកម្ពុជា ក៏មានស្តង់ទំនិញមកពីប្រទេសជាច្រើនទៀតក្នុង តំបន់អាស៊ាននិងប្រទេសចិន គឺប្រជាជនបានចាប់អារម្មណ៍ខ្លំាងដូចៗគ្នា ទំាងផលិតផលក្នុងវិស័យកសិកម្ម សិប្បកម្ម និងបច្ចេកវិទ្យា។