ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងពង្រឹងសន្តិសុខទ្វេរដងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំ

វិទ្យុជាតិកម្ពុជា៖ដោយលោកម៉ៅសុខា

ខេត្តកំពង់ឆ្នាំង៖ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពរបស់អគ្គស្នងការនគរដ្ឋាននគរបាលជាតិលោក​ឧត្តម
សេនីយ៍ទោ​ ខូវ​ លី​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​មានប្រសាសន៍ថា
គ្រប់អង្គភាពទាំងថ្នាក់ខេត្តនិងថ្នាក់ស្រុកត្រូវយប្រជុំផ្សព្វផ្សាយផែនការលេខ​ ២២​ ផ.ក​ ស្តីពីការការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​ នៅតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍អោយបានទូលំទូលាយដើម្បីពង្រឹងការការពារសន្តិសុខទ្វេរដងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំ នៅគ្រប់មូលដ្ឋាន​ ក្តាប់ឲ្យបានមុខសញ្ញាល្មេីសច្បាប់គ្រប់ប្រភេទ​ ពិសេសមុខសញ្ញាពួកប្រឆាំងក្រៅច្បាប់​ ។
លោកឧត្តមសេនីយ៍ទោបន្តថាដើម្បីអោយការងារនេះអនុវត្តទទួលបានជោគជ័យ ដំបូងគឺត្រូវពង្រឹងវិន័យដល់កងកម្លាំងក្រោមឱវាទ​ ឲ្យគោរពវិន័យបានត្រឹមត្រូវតាមច្បាប់របស់នគរបាលជាតិ​ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង​ រក្សាការ សម្ងាត់របស់អង្គភាពអោយបានល្អ​ មានបញ្ហាអ្វីកើតឡើងត្រូវចាត់វិធានការ
អោយបានម៉ឺងម៉ាត់ភ្លាមៗហើយត្រូវរាយការណ៍ជាបន្ទាន់៕