ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២៦ ដល់ ២៩ ខែកញ្ញា

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដោយសារកម្ពុជាយើងកំពុងទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធខ្ពស់ ពីភាគខាងលើ បានធ្លាក់ចុះសង្កត់លើប្រព័ន្ធសម្ពាធទាម (ITCZ) ធ្វើឲ្យប្រព័ន្ធធ្លាក់រំកិលចុះមកក្រោមអូសបន្លាយលើភាគខាងត្បូងដែលបណ្តាលឲ្យភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះប្រជាពលរដ្ឋត្រូវបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀងនេះ អាចកើតមានឡើងជាពិសេសចាប់ពីថ្ងៃទី២៦ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០១៩។
សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានឲ្យដឹងដែរថាចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ អាកាសធាតុនៅក្នុងប្រទេសកម្ពុជានឹងមានភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន និងនៅផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ក្រសួងក៏បានបញ្ជាក់ថា នៅថ្ងៃទី២៤ដល់ថ្ងៃទី២៥ ភ្លៀងមានភាពរអាក់រអួលបន្តិចបន្តួច រីឯនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ៕