ច្រាំងទន្លេមេគង្គ នៅខេត្តស្ទឹងត្រែងបាក់ជាលើក ទី២នៅភូមិក្រោមឃុំព្រះរំកិល

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.C
ច្រាំងទន្លេមេគង្គ នៅខេត្តស្ទឹងត្រែងបាក់ស្រុតជាលើកលើកទី២ដោយបង្កផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋនៅភូមិក្រោម ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងជាច្រើនខ្នងខណៈអាជ្ញាធរស្រុកនេះបានប្រមូលផ្តុំកម្លាំងជួយរុះរើនិងរំកិលផ្ទះប្រជាពលរដ្ឋដើម្បីផ្លាស់ប្តូរលំនៅដ្ឋានបញ្ជៀសពីគ្រោះមហន្តរាយធម្មជាតិមួយនេះ។
ក្នុងសកម្មភាពរំកិលផ្ទះចេញពីបំណាក់ស្រុតច្រាំងទន្លេមេគង្គថ្ងៃទី២៣ខែកញ្ញានេះលោកលីមីណាអភិបាលស្រុកបូរីអូរស្វាយសែនជ័យបានបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងឆ្នាំ២០១៩នេះទឹកឡើងកំពស់រហូតដល់ទៅជាង១២ម៉ែត្រ ហើយនៅពេលស្រកចុះទៅវិញបណ្តាលឱ្យបាក់ស្រុតបង្កផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ។
លោកបន្តថា៖ផលប៉ះពាល់ពីគ្រោះធម្មជាតិនេះអាជ្ញាធរបានរួមកម្លាំងគ្នាជួយរំកិលផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្លាស់ប្តូរទីតាំងរស់នៅឱ្យបានដើម្បីបញ្ជៀសពីស្ថានភាពគ្រោះមហន្តរាយនៃការបាក់ស្រុតនេះ។
លោកស្រីវ់ាន់សៃប្រជាពលរដ្ឋនៅភូមិក្រោមឃុំព្រះរំកិលមានផ្ទះនៅជិតបំពាក់ស្រុតនេះបានបញ្អាក់ថា៖ចំឡែកនៅឆ្នាំនេះមានបំណាក់ស្រុតខ្លាំងខុសផ្លែកពីធម្មតាហើយបាតុភូតនេះតម្រូវឱ្យគាត់បន្ថយផ្ទះចេញពីកន្លែងដើមដែលធ្លាប់រស់នៅ។
លោកស្រីថា៖ឧបទ្ទវហេតុនេះបានបង្កឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងមានការភ័យខ្លាច ព្រោះពួកគាត់រស់តាំងពីដូនតាមកមិនដែលមានបាតុភាពបែបនេះទេ។
លោកសួសចាន់ផល ក្រុមប្រឹក្សាឃុំព្រះរំលិល បានទទួលស្គាល់ថា៖ជាស្ថានភាពនេះចំឡែកមែនព្រោះនៅក្នុងខែនេះបង្កឱ្យមានឧបទ្ទហេតុ២កន្លែងហើយក្នុងរយៈពេលតែ២សប្តាហ៍នៅក្នុងខែកញ្ញានេះ ចំណែក ប្រជាពលរដ្ឋនៅតាមតំបន់ទន្លេមេគង្គលើមានការព្រួយបារម្ភណ៍និងត្រូវចង្ខំចិត្តរុះរើផ្អះដែលនៅជិតបំណាក់ស្រុតនេះ។

សូមបញ្ជាក់ថា៖កាលពីថ្ងៃទី១៨និងថ្ងៃទី១៩ខែកញ្ញា បំណាក់ស្រុតនេះបានឡើងនៅភូមិកោះភ្នៅមានប្រវែងមានប្រវែងជាង៥០ម៉ែត្រទទឹងជាង១០ម៉ែត្តនិងនៅថ្ងៃទី២២និងថ្ងៃទី២៣ខែកញ្ញានេះកើតឡើងនៅភូមិក្រោមឃុំព្រះរំកិលមានប្រវែងប្រវែងជាង៨០ម៉ែត្ត ទទឹងប្រមាណជិត១០ តម្រូវឱ្យផ្ទះប្រជាបលរដ្ឋមួយខ្នងត្រូវរុះរើនិង២ខ្នងទៀតត្រូវរំកិលចេញឱ្យឆ្ងាយពីកន្លែងបាកស្រុតនេះ៕