ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន កើនឡើងជាង ២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន បានកើនឡើងជាង ២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតនូវជើងហោះហើរត្រង់ពិសេសការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានសម្តែងការពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេទិសរវាងកម្ពុជា-ជប៉ុន និងជប៉ុន-កម្ពុជា ខណៈដែលប្រទេសទាំងពីរបានតភ្ជាប់នូវជើងហោះត្រង់រវាងប្រទេសទំាង២ដែលបង្កភាពងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើពាណិជ្ជកម្មរវាងប្រជាជននិងប្រជាជន។
ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានឲ្យដឹងថា ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនេះបានធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួងការបរទេស។
សំឡេង៖ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានកត់សម្គាល់ឃើញកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងហើយរហូតមកដល់ពេលនេះកំណើនពាណិជ្ជកម្មទ្វេទិសកម្ពុជាជប៉ុន ជប៉ុនកម្ពុជានេះកើនជាង ពីរ ប៊ីលានដុល្លារ ហើយកំណើននេះអាចបណ្ដាលមកពីមានការតភ្ជាប់ជើងហោះហើរត្រង់ដោយក្រុមហ៊ុនអាកាសចរណ៍អាណាងបានតភ្ជាប់មិនត្រឹមតែមានកំណើនការផ្លាស់ប្ដូរប្រជាជននិងប្រជាជនទេ ក៏មានការជំរុញនិងកំណើនពាណិជ្ជកម្មនិងវិនិយោគផងដែរ ។
ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានសម្តែងនូវភាពស្ញប់ស្ញែង និងកោតសរសើរដល់ការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា ពិសេសបានរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧ភាគរយ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែគាំទ្រដល់ដំណើរការអភិវឌ្ឍ ចាប់ផ្តើមតាំងពីដំណើរការស្វែងរកសន្តិភាពកម្ពុជា រហូតដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជាដូចបច្ចុប្បន្ននេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីថា មិត្តភក្តិជប៉ុនដែលធ្លាប់ឆ្លងកាត់សង្រ្គាមដូចគ្នា បានយល់ច្បាស់ពីការលំបាករបស់កម្ពុជា ។
សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ ស្ថានទូតជប៉ុន បានផ្ដល់ទិដ្ឋាការដល់ប្រជាជនកម្ពុជា ទៅជប៉ុនចំនួន១ម៉ឺន៨ពាន់នាក់ និងក្នុងឆ្នាំ២០១៨ ភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាជាង២១ម៉ឺននាក់ ៕