លោក មូន នៅញូវយ៉កសម្រាប់កិច្ចប្រជុំកំពូលជាមួយលោក Trum pនិងសម័យប្រជុំ អ.ស.ប

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ — ប្រធានាធិបតីលោក មូន ចេ-អ៊ីន បានមកដល់ទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យ ​ដើម្បី​ចូលរួមមហាសន្និបាត អ.ស.ប នឹងធ្វើកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី​អាម៉េរិកលោក ​ដូណាល់​ ត្រាំ មុនការរំពឹងទុកនៃកិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង។

ពួកមន្រ្តីបាននិយាយថា លោក មូន គ្រោងនឹងប្រើកិច្ចពិភាក្សាជាមួយលោក Trump ដែលបានកំណត់នៅថ្ងៃចន្ទនេះ(ម៉ោងក្នុងស្រុក) នឹងការចូលរួមរបស់លោកនៅក្នុងសម័យប្រជុំ​ អ.ស.ប  ដើម្បីជួយធ្វើឱ្យដំណើរការសន្តិភាព នឹងការរំសាយអាវុធឡើងវិញ ជាមួយនិង​ប្រទេស​កូរ៉េខាងជើង នឹងពង្រីកការគាំទ្រជាអន្តរជាតិសម្រាប់ខ្លួន។

ទីប្រឹក្សាទទួលបន្ទុកផែនការសន្តិភាពលោក ឆយ ជុង-គុន(Choi Jong-kun) បានប្រាប់​អ្នកសារព័ត៌មានថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី៩ របស់លោកជាមួយលោក Trump លោក​ មូន នឹងពិភាក្សាពីមធ្យោបាយក្នុងកិច្ចសហប្រតិបត្តិការ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ​ពេញ​លេញ​នៃឧបទ្វីបកូរ៉េ នឹងការបង្កើតសន្តិភាពអចិន្រ្តៃយ៍។

កិច្ចប្រឹងប្រែងសន្តិភាព គឺស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយទៀត ជាមួយនឹងកិច្ច​ចរចាកម្រិតការងារថ្មី រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូលនៅទីក្រុងហាណូយរបស់ពួកគេ កាលពីខែកុម្ភៈបានបញ្ចប់ភ្លាមៗ​ដោយ​គ្មានកិច្ចព្រមព្រៀង ប៉ុន្តែលោក Trump បានជួបប្រជុំជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំ​កូរ៉េខាង​ជើង​លោក គីម ជុង-អ៊ុន នៅឯភូមិសន្តិភាព ផានមូនជុំ កាលពីចុងខែមិថុនាកន្លងទៅ។

កិច្ចចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែរដែលបានគ្រោងទុក គឺជាផលផ្លែ នៃ​ព្រឹត្តិការណ៍ Panmunjom ។ នៅមិនទាន់មានកាលបរិច្ឆេទ និងទីកន្លែងត្រូវបានប្រកាសនៅឡើយទេ។

កិច្ចពិភាក្សាត្រូវបានធ្វើឡើងបន្ទាប់ពីការចាកចេញរបស់លោក ចន ប៊ូលតុន​ ដែលត្រូវ​បានគេ​ស្គាល់ ពោះទស្សនៈគួរឱ្យស្អប់របស់គាត់​លើព្យុងយ៉ាង ពីការងារជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក។

លោក Trump បានបង្ហាញសញ្ញាជំរុញឱ្យមាន  « វិធីសាស្ត្រថ្មី » នៅក្នុងការសន្ទនាជាមួយ​ទីក្រុងព្យុងយ៉ាង។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយលោក Trump ក្នុងរយៈ​ពេល​ជិត៣ខែ  លោក មូន ក៏អាចលើកឡើងពីបញ្ហាសង្គ្រាមពាណិជ្ជកម្ម រវាងកូរ៉េខាងត្បូង និង​ជប៉ុនផងដែរ។ ទីក្រុង សេអ៊ូលសង្ឃឹមចំពោះតួនាទីរបស់ទីក្រុងវ៉ាស៊ីនតោន​ក្នុងការដោះស្រាយ​ជម្លោះ៕

(ប្រភពយន់ហាប់: បកប្រែដោយលោក មាស សំអុល)