ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និ បាតអង្គការសហប្រជាតិ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៤ ខែកញ្ញា

វិទ្យុជាតិកម្ពុជា ៖ អាត ចន្ធូ ២១ ០៩ ២០១៩ ៖

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ ក្រោមមូលបទ «ជំរុញកិច្ចប្រឹងប្រែងពហុភាគី សម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន» និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងញូវយ៉ក។តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ បានឱ្យដឹងថា ប្រមុខការទូតកម្ពុជា នឹងអញ្ជើញធ្វើសេចក្ដីថ្លែងការណ៍ ផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សមិទ្ធិផលសំខាន់ៗឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ និងកិច្ចប្រឹងប្រែងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា និងសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួម ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ភេរវកម្ម អំពើជ្រុលនិយម និងអចន្តិនិយម និងការគំរាមកំហែងសន្តិសុខមិនប្រពៃណី។ប្រភពដដែលបន្ថែមថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងរំលេចបញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី ពហុភាគីនិយម តួនាទីច្បាប់អន្តរជាតិ ផលប៉ះពាល់ជាអវិជ្ជមាននៃព័ត៌មានក្លែងបន្លំ និងបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ និងការព្រួយបារម្ភរួម នៅក្នុងសេចក្ដីថ្លែងការណ៍នេះផងដែរ។ក្រៅពីអញ្ជើញចូលរួមមហាសន្និបាតនេះ ឯកឧត្តម នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម ថូម៉ាស ភេទ្រីសេក (Tomas Petricek) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែក និងឯកឧត្តម សឺរហ្គេយ ឡាវរ៉ូវ (Sergey V. Lavrov) រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៉ី ។ជាមួយគ្នានេះ រំពឹងថា នឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការបរទេស នៃប្រទេសមួយចំនួនផ្សេងទៀត រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។ប្រភព ដដែល បានបញ្ជាក់ថា ស្របពេលជាមួយមហាសន្និបាតនេះ គណៈប្រតិភូកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការ នៃសន្និសីទស្ដីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅតំបន់អាស៊ី (CICA) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសដៃគូ សហប្រតិបត្តិការអាស៉ី (ACD) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (IUMM) ព្រមទាំងកិច្ចប្រជុំជាច្រើនទៀត៕