ប្រឡងជ្រើសរើសបេក្ខជន បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖​ ក្រសួងមហាផ្ទៃសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអាទិត្យទី២២កញ្ញាបានបើកសម័យប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃដែលត្រូវធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឡែកសំរាប់រាជធានីភ្នំពេញការប្រឡងធ្វើឡើងនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុកក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក។

សម័យប្រឡងនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងដោយលោកប្រាក់សំអឿនអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ,លោកកើតឆែអភិបាលរងរាជធានីភ្នំពេញរួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។

ចំពោះចំនួនក្របខ័ណ្ឌមន្ត្រីរាជការត្រូវជ្រើសរើសសំរាប់ឆ្នាំ២០១៩ក្នុងក្របខណ្ឌទូទាំងប្រទេសរួមមានក្រខណ្ឌ័មន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន៦៨នាក់,ក្របខណ្ឌ័មន្ត្រីក្រមការ៧០នាក់,ក្របខណ្ឌលេខាធិការរដ្ឋបាលលេខាធិការដ្ឋានរដ្ឋបាលចំនួន៩៤នាក់,ស្មៀនឃុំ.សង្កាត់ចំនួន៣៧នាក់សរុបមានចំនួន២៦៩នាក់។ដោយឡែកក្នុងក្របខណ្ឌរាជធានីភ្នំពេញចំនួនត្រូវជ្រើសរើស៤៥នាក់។

ប្រឡងនេះធ្វើឡើងពេញមួយព្រឹកថ្ងៃទី២២កញ្ញា២០១៩លើវិញ្ញាសារចំនាញឯកទេសរយៈពេល១ម៉ោង៣០នាទីភាសារអង់គ្លេស១ម៉ោង៣០នាទីសំរាប់ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់និងក្របខណ្ឌ័មន្ត្រីក្រមការ។ចំពោះក្របខណ្ឌ័លេខាធិការរដ្ឋបាលមានវិញ្ញាសារចំណេះដឹងទូទៅ,ចំណេះដឹងកិច្ចការរដ្ឋបាលនិងគណិតវិទ្យារយៈពេល១ម៉ោងនិង៣០នាទី,និងក្របខណ្ឌ័ស្មៀនឃុំ.សង្កាត់មានវិញ្ញាសារចំណេះដឹងទូទៅនិងចំណេះដឹងកិច្ចការរដ្ឋបាលឃុំសង្កាត់រយៈពេល១ម៉ោង៣០នាទីនិងវិញ្ញាសារតែងសេចក្តីឬសរសេរលិខិតរដ្ឋបាលរយៈពេល១ម៉ោងនិង៣០នាទី៕