អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជន ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌឱ្យបាន គ្រប់ៗគ្នាដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា

AKP កំពង់ធំ ថ្ងៃទី២៣ ខែកញ្ញា ២០១៩ -ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្រ្ដីរាជការ បានរៀបចំពីធីបុណ្យ​កាន់បិណ្ឌ វេនទី១០ នៅវត្តសិរីឧត្តម ហៅវត្តជាន់លែង ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពី​រសៀលថ្ងៃ​អាទិត្យ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំក៏បានអំពាវនាវ និងផ្តាំផ្ញើដល់លោកយាយ លោតា ពុទ្ធបរិស័ទទាំងអស់ បន្តជួយអប់រំកូនចៅតូចៗជាពិសេសយុវជនឱ្យចូលរួមបុណ្យ កាន់​​បិណ្ឌនៅតាមទីវត្តអារ៉ាម ឱ្យបានគ្រប់ៗគ្នាដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែល​ជា​សាសនារបស់រដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារទាំងអស់ ពិតជាមានក្តីរំភើបរីក រាយដែលបានមកចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ ជាមួយពុកម៉ែបងប្អូនពុទ្ធបរិស័ទ ញាតិមិត្ត ជិតឆ្ងាយទាំងអស់ ក្រោមម្លប់នៃសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​  ឯកឧត្តមបន្ដថា បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យ​ទាំងឡាយក្នុងព្រះពុទ្ធសាសនា ហើយប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយរីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿង​ឧបភោគ-បរិភោគ ទៅវេរប្រគេន ព្រះសង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស​ដើម្បីឧទ្ទិស​កុស​លផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែល​បានចែកឋានទៅកាន់បរលោក។

ឯកឧត្តមអភិបាលខេត្ដក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់​ចរាចរណ៍ ជាពិសេសរាល់ការបើកបរគោយន្តនៅពេលយប់ ត្រូវមានភ្លើងបំភ្លឺ និងបិទចំណាំង​ផ្លាតនៅពីក្រោយឱ្យបានត្រឹមត្រូវ ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ជាពិសេសមុននឹងវ៉ា ឬជែងបត់ឆ្វេង ឬស្តាំត្រូវពិនិត្យមើលមុខក្រោយឱ្យបានច្បាស់លាស់ និងចៀសវាងឱ្យឆ្ងាយ ពីគ្រឿងញៀន៕

ដោយ ស៊ុម វណ្ណា