បេក្ខជន៦២៨នាក់ ចូលរួមប្រឡងមន្ត្រីក្របខ័ណ្ឌរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ

AKP សៀមរាប ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០១៩ -បេក្ខជនចំនួន៦២៨នាក់ បានចូលរួមប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌរដ្ឋបាលស៊ីវិល នៃក្រសួងមហាផ្ទៃ។ ការប្រឡងនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត​សៀមរាប និងលោក អ៊ុំ ចំរើន អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ ដើម្បីត្រួត​ពិនិត្យ និង បើកវិញ្ញាសា។

ការប្រឡងចូលក្របខ័ណ្ឌក្រសួងមហាផ្ទៃសម្រាប់ខេត្តសៀមរាប ត្រូវបានគេកំណត់យកក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ចំនួន៩នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការ៧នាក់ ក្របខ័ណ្ឌលេខាធិការ ១នាក់ និងស្មៀនឃុំ២នាក់។ បើយោងតាមការបញ្ជាក់របស់លោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្ស ខេត្តសៀមរាបបានឱ្យដឹងថា បេក្ខជន និងបេក្ខនារីដែលបានដាក់ពាក្យប្រឡងមានចំនួន​រហូតដល់ទៅ៦២៨នាក់ ក្នុងនោះស្រី២៨៥នាក់ មកពីខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តឧត្តរ​មានជ័យ។ លោកបានបន្ដថា បេក្ខជនដាក់ពាក្យសុំធ្វើការប្រឡងសុទ្ធសឹងជាសមណសិស្ស និងនិសិ្សតនៃខេត្តទាំងបីខាងលើ ហើយការប្រឡងត្រូវបានគេបែងចែកចេញជា២៦បន្ទប់ ដោយយកវិញ្ញាសាប្រឡងរួមមានគណិតវិទ្យា   ចំណេះដឹងទូទៅ និងលិខិតរដ្ឋបាល។

លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត​សៀមរាបបានមានប្រសាសន៍​ផ្តាំផ្ញើដល់ក្មួយៗ ដែលជាបេក្ខជនទាំងពីរភេទ ត្រូវខិតខំយកចិត្តទុកដាក់ឱ្យបានខ្ពស់ នៅក្នុង​ពេលប្រឡង ហើយត្រូវបញ្ចេញឱ្យអស់នូវសមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សា​កន្លងមករបស់ក្មួយៗទាំងពីរភេទ ព្រមទាំងត្រូវគោរពឱ្យបានល្អនូវបទបញ្ជា អង្គការវិន័យ​ក្នុង​ពេលប្រឡង និងស្តាប់នូវការណែនាំរបស់គណៈមេប្រយោគឱ្យបានខ្ជាប់ខ្ជួន។ លោកបានបន្ដ​ថា ការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌរដ្ឋបាលក្រសួងមហាផ្ទៃនាពេលនេះ គឺជាការបំពេញ​នូវក្របខ័ណ្ឌមន្ត្រីរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ហើយក៏ជាឱកាសដ៏ប្រសើរសម្រាប់ក្មួយៗ​ជាបេក្ខជនទាំងអស់ ក្នុងការវាស់ស្ទង់នូវគំនិត ចំណេះដឹង និងសមត្ថភាពរបស់ក្មួយៗ ដើមី្ប​យកទៅបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការរដ្ឋបាលនៃក្រសួងមហាផ្ទៃសម្រាប់ទៅថ្ងៃអនាគត៕

ដោយ ហង្ស សៀក