អភិបាលខេត្ដព្រះវិហារ ដឹកនាំមន្ត្រីរាជការ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តឥសាន្តគិរីសាមគ្គីមានជ័យ

AKP ព្រះវិហារ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈ​អភិបាល​ខេត្តព្រះវិហារ និងក្រុមការងារថ្នាក់ ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមកាន់ បិណ្ឌវេនទី៩ ព្រម ទាំងបាននាំយក ទេយ្យទាន ចង្ហាន់ រួមនឹងបច្ច័យមួយចំនួន វេរប្រគេន ដល់ព្រះសង្ឃ ដែល គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តឥសាន្តគិរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនា របស់​យើងដែលកើតមានឡើង និងរីកចម្រើនយ៉ាងឆាប់រហ័សនេះដោយសារតែប្រទេសមានសុខ សន្តិភាព ស្ថិរភាពនយោបាយល្អ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឱ្យប្រទេស​មានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបានណែនាំដល់លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ នេះជារដូវវស្សា សូមឱ្យបងប្អូនថែរក្សា សុខភាពឱ្យបានល្អ សម្រាន្តក្នុងមុង​ជ្រលក់​​ថ្នាំ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារកុំឱ្យកើតមានជំងឺផ្សេងៗ។ ទន្ទឹម​នេះ ក៏សូមជួយអប់រំ ណែនាំកូនចៅឱ្យខិតខំសិក្សា រៀនសូត្រ ចូលរួមគោរពច្បាប់​ចរាចរណ៍​ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ជាឃាតករលាក់មុខ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន​ផងដែរ ។

គួរបញ្ជាក់ថា ក្នុងឱកាសកាន់បិណ្ឌវេនទី៩នេះ ឯកឧត្ដមអភិបាលខេត្ដ មន្រ្ដីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានប្រមូលបច្ច័យសរុបចំនួន ១០៣.០០០.០០រៀល អង្ករ២០០​គីឡូក្រាម ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន​ប្រគេនដល់វត្តវត្តឥសាន្តគិរីសាមគ្គី​មានជ័យ ហៅវត្តប្រយុទ្ធ ៕

ដោយ ទិត ស្រ៊