មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងចាត់វិធានការក្ដៅ លើជនល្មើសធ្វើចរាចរផលិតផលក្លែងក្លាយនៅកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងចាត់វិធានការក្ដៅ លើជនល្មើសធ្វើចរាចរផលិតផលក្លែងក្លាយនៅកម្ពុជា ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការពារផលប្រយោជន៍ ស្របច្បាប់របស់អ្នកធុរកិច្ចនានាផងដែរ។
ឯកឧត្ដមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវមានវិធានការយ៉ាងម៉ឹងម៉ាត់ដល់បុគ្គលដែលមានស្តុកទុកនូវផលិតផលក្លែងក្លាយ ដើម្បីឈានទៅដល់ការបិទអាជីវកម្ម និងនាំយកជនល្មើសទៅផ្តន្ទាទោសតាមច្បាប់។ ក្នុងសិក្ខាសាលា ស្តីពី “ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅកម្ពុជា” ឯកឧត្ដមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា វិធានក្ដៅនេះ បន្ទាប់ពីផលិតផលក្លែងក្លាយ បានបង្ករគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ឯកឧត្ដមនាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងផលិតផលខុសច្បាប់ ឲ្យកាន់តែមានប្រសិទ្ធិភាព ទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ពន្ធ័ទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ ជាពិសេសការផ្លាស់ប្តូរឥរិយាបទនៃអ្នកប្រើប្រាស់៕