អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ជួយរើផ្ទះប្រជាពលរដ្ឋចេញពីចំណុច ច្រាំងទន្លេបាក់នៅលើកោះព្នៅ

វិទ្យុជាតិកម្ពុជា៖លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ស្ថានភាពបំណាក់ស្រុកច្រាំងទន្លេ មេគង្គនៅចំណុចកោះព្នៅ ស្ថិតក្នុងភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលបណ្តាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនោះ ឥឡូវនេះអាជ្ញាធរស្រុកកំពុងចាត់វិធានការចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដែលងាយប្រឈមនឹងគ្រោះថ្នាក់ដើម្បីយកទៅសាងសង់នៅកន្លែងមានសុវត្ថិភាព។

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា ៖នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកបានដឹកនាំកម្លាំងចម្រុះជួយប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងបាក់ស្រុតបំណែកដីនេះ ដែលមានផ្ទះប្រជាពលរដ្ឋចំនួនពីរគ្រូសារ។លោកថា៖ ក្នុងនោះផ្ទះមួយខ្នងត្រូវរុះរើទាំងស្រុង និងដឹកជញ្ជូនយកទៅសាងសង់ឡើងវិញនៅត្រើយម្ខាងទៀត នៃទីប្រជុំជនឃុំអូរស្វាយ ព្រោះម្ចាស់ផ្ទះគាត់មានដីនៅទីនោះស្រាប់ ចំណែកផ្ទះមួយគ្រួសារទៀតត្រូវជួយរំកិល ខិត ចេញឆ្ងាយពីទីតាំងប្រឈមការបាក់ស្រុត។

លោកសេតហុងប្រជាពលរដ្ឋត្រូវរើផ្ទះ បញ្ជាក់ថា៖ តាមការពិនិត្យជាក់ស្តែង ការបាក់ដីនេះមានប្រវែងតែជាង៣០ម៉ែត្រ និងជម្រៅទៅក្នុងប្រមាណ២០ម៉ែត្រ ហើយការបាក់ស្រុតចុះនេះមិនមានប្រជាពលរដ្ឋគ្រោះថ្នាក់នោះទេ ក្រៅពីដើមឈើហូបផ្លែមួយចំនូនស្រុតចុះតាមដីទៅក្នុងទឹកទន្លេ។ លោកបន្តថា៖មកដល់ព្រឹកថ្ងៃទី២០ ខែកញ្ញានេះ លែងមានការបាក់ចុះទៀតហើយ ព្រោះដីបានបាក់គរលើគ្នាក្លាយជាជម្រាលទប់ដីផ្នែកខាងលើមិនឲ្យបាក់ចុះបន្ថែមទៀត។
លោកសេកម៉ៅ មេឃុំអូរស្វាយ បានបញ្ជាក់ថា៖ក្នុងស្ថានភាពនេះ អាជ្ញាធរនៅតាមដានយ៉ាងយកចិត្តទុកដាក់ ព្រោះថានៅទីតាំងបាក់ដីនេះមានប្រភពទឹកចេញពីខាងក្រោម និងម្យ៉ាងទៀតវាជាដីកោះ ដូច្នេះនៅរដូវស្សាទឹកឡើងខ្លាំងបង្កឲ្យដីផ្នែកខាងក្រោមមានទឹកជន់ជោងាយប្រឈមនឹងការបាក់ស្រុតចុះបន្តទៀត។
សូមបញ្ជាក់ថា ៖ ទីតាំងកើតហេតុខាងលើនេះ ជាកោះមួយក្នុងចំណោមកោះច្រើនផ្សេងទៀតនៅកណ្តាលទន្លេមេគង្គផ្នែកខាងលើ ក្បែរទៅនឹងព្រំដែនកម្ពុជា-ឡាវ។ កោះព្នៅ នេះមានប្រជាពលរដ្ឋរស់នៅចំនួនជាង១០០គ្រួសារ៕