រាជរដ្ឋាភិបាលផ្តល់រថយន្តក្រុងសាធារណៈចំនួន១៥គ្រឿង សម្រាប់ដឹកជញ្ជូនអ្នកដំណើរ ទៅមកភ្នំពេញ-សៀមរាប

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖

រាជរដ្ឋាភិបាលផ្តល់រថយន្តក្រុងសាធារណៈចំនួន១៥គ្រឿង សម្រាប់ដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញ-សៀមរាប ដោយមិនគិតថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីសប្តាហ៍ ក្រោយនេះ ដើម្បីជួយសម្រួលការចំណាយថ្លៃធ្វើដំណើររបស់ ប្រជាពលរដ្ឋ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកខេត្តសៀមរាប និងការដឹកជញ្ជូនពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីចំណត ដែលបានកំណត់។
ប្រភពបន្តថា ការចេញដំណើរពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ស្ថិតនៅចំណតរង្វង់មូលទេពមច្ឆា (ជ្រោយចង្វារ ) នៅរៀងរាល់ម៉ោង ៥:៣០នាទីព្រឹក និង ៥:៣០នាទីរសៀល ចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ហើយចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ នៅទីតាំងចំណតរថយន្តប៉ែកខាងកើតបុរីសៀងណាំ រៀងរាល់ម៉ោង១:៣០នាទីរសៀល ចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០១៩ និងវេលាម៉ោង៥:៣០នាទីព្រឹកសម្រាប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ។ រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើដំណើរ តាមរថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងឲ្យបានគ្រប់ៗគ្នាដើម្បីជួយសម្រួលការចំណាយថ្លៃធ្វើដំណើរនាឱកាសបុណ្យប្រពៃណីជាតិនេះ។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរាជធានីភ្នំពេញ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដោយឥតបង់ថ្លៃសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង និងតាមកាណូតសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ៕