មន្ទីរបរិស្ថានខេត្តសៀមរាបកំណត់បែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃ

វិទ្យុជាតិកម្ពុជា​ ៖​ ដោយ​ យី វិច្ឆិកា ២០ ០៩ ២០១៩

មន្ទីរបរិស្ថានខេត្តសៀមរាបកំណត់បែងចែកតំបន់គ្រប់គ្រង និងការបោះបង្គោលព្រំតំបន់ដែន ជម្រកសត្វព្រៃព្រៃឡង់ និងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ដើម្បីការពារ អភិរក្សធនធានធម្មជាតិជីវៈចំរុះ និងធានាកុំឲ្យមានការបាត់បង់ ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារ ធម្មជាតិនីមួយៗ ចំាបាច់ត្រូវបោះបង្គោលព្រំប្រទល់តំបន់ការពារធម្មជាតិ រៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង ចុះបញ្ជិកាដី និងការរៀបចំផែនការគ្រប់គ្រងជាដើម ។
ថ្លែងក្នុងកិច្ចពិគ្រោះយោបល់ស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រង និងការបោះបង្គោលព្រំតំបន់ដែន ជម្រកសត្វព្រៃ ព្រៃឡង់និង តំបន់ដែន ជម្រកសត្វព្រៃ ភ្នំត្នោតនិងភ្នំពក ដែលធ្វើឡើងនៅទីរួមខេត្តកំពង់ធំ នាថ្ងៃទី២០ ខែកញ្ញានេះ លោក នាក់ ណេរ៉ុន បញ្ជាក់ថា បច្ចុប្បន្ននេះ តំបន់ការពារធម្មជាតិទាំងអស់ កំពុងទទួលរងនូវការគំរាមកំហែងដូចជា ការបរបាញ់សត្វ កាប់ឈើ រុករានដីធ្វើស្រែ ចំការ និងធ្វើជាកម្មសិទ្ធិ ជាដើម។ លោកបន្តថា អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨ ជម្ពូកទី៤ មាត្រា ១១បានចែងថា តំបន់ការពារ ធម្មជាតិនីមួយៗ បែងចែកចេតញជាបួន តំបន់គ្រប់គ្រង ១ តំបន់ស្នូល ២ តំបន់អភិរក្ស ៣ តំបន់ប្រើប្រាស់ដោយចីរភាព និងទី៤តំបន់សហគមន៍ និងផ្អែកតាមគោលការណ៍កំណត់និងបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារ ធម្មជាតិតម្រូវឱ្យមានរៀបចំជាក្រុមការងារ ដែលអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិជាប្រធានក្រុមការងារនិងអភិបាលរង ខេត្តទទួលបន្ទុកជាអនុប្រធានក្រុមការងារ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តសមាជិក។
សូមបញ្ជាក់ថា ការកំណត់បែងចែកតំបន់គ្រប់គ្រងនេះ គឺរៀបចំក្រុមការងារចម្រុះសម្រាប់ដំណើរការបោះបង្គោលព្រំប្រទល់តំបន់ការពារធម្មជាតិ រៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង ចុះបញ្ជិការដី និងការរៀបចំផែនការគ្រប់គ្រង ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់និងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពកនិងពិនិត្យ និងពិភាក្សាលើយន្តការ និតិវិធី និងយុទ្ធសាស្រ្តនានា ក្នុងការវាយតម្លៃធ្វើអត្ដសញ្ញាកម្មតំបន់នី មួយៗ៕