នាយករដ្ឋមន្រ្តីចិនកត់សម្គាល់នូវ «ទស្សនៈវិស័យដ៏ធំធេង» សម្រាប់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីបន្ទាប់ពីជួបពិភាក្សាជាមួយលោក ពូទីន

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩​ — នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បាននិយាយបន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយប្រធានា- ធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ថា ប្រទេសទាំងពីរមានទស្សនវិស័យដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ។

ក្រសួងការបរទេសចិនបានដកស្រង់សម្តីរបស់លោក Li ដែលបាននិយាយថា «ប្រទេសរុស្ស៊ី និងចិន មានទស្សនវិស័យដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ។ ភាគីចិនមានឆន្ទៈបន្តការផ្សារភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ជាមួយ EAEU (សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន) និងលើកកម្ពស់ការពង្រីកទំហំ និងគុណភាពនៃពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត»។

លោកបាននិយាយបន្ថែមទៀតថា ការអភិវឌ្ឍប្រកបដោយសុខភាព និងស្ថិរភាព នៃទំនាក់ទំនងរវាង    រុស្ស៊ី និងចិន មានអត្ថប្រយោជន៍មិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ។

លោកនាយករដ្ឋមន្រ្តីចិនបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត របស់ទីក្រុងប៉េកាំងក្នុងការពង្រឹងមិត្ត ភាព និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសរុស្ស៊ី ក៏ដូចជាការការពាររួមគ្នានូវប្រព័ន្ធទំនាក់ទំនងអន្តរជាតិដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីស្របតាមគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក។

លោក Li បានមកដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដើម្បីធ្វើដំណើរទស្សនកិច្ចមួយ។ លោកបានចូលរួមក្នុងកិច្ចប្រជុំទៀងទាត់លើកទី២៤ របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅទីក្រុង St. Petesburg ។ កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីចិនបានជួបប្រជុំជាមួយលោក ពូទីន នៅទីក្រុងមូស្គូ។ លោកក៏បានបង្ហាញអំពីក្តីសង្ឃឹមថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ នឹងបន្តបើកចំហនៅក្នុងទំនាក់ទំនងរបស់ពួកគេ និងពង្រីកការចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមក។

នៅថ្ងៃទី២ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ នៅក្នុងឆ្នាំ ១៩៤៩ សហភាពសូវៀតបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់ចិនកុម្មុយនីស្ត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ី និងចិន បានជំរុញទាំងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺនៅក្នុងឆ្នាំ២០១៨ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងលើស ១០០ប៊ីលានដុល្លារអាម៉េរិកជាលើកដំបូងដែលមិនធ្លាប់មាន។ នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ប្រទេសទាំងពីរមានគោលបំណងឈានដល់ទំហំទឹកប្រាក់ ២០០ប៊ីលានដុល្លារអាម៉េរិក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)