វៀតណាម និងម៉ិចស៊ីកូជួបប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៥

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩​ — អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងសមភាគីម៉ិចស៊ីកូ លោក Julian Ventura Valero បានធ្វើការប្រៀបធៀបកំណត់សម្គាល់អំពីវិធានការនានា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាក្រសួងការបរទេសផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៥ រវាងក្រសួងការបរទេសទាំងពីរនៅទីក្រុងម៉ិកស៊ីកូកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បណ្តាមន្ត្រីទាំងអស់បានពិភាក្សាគ្នាអំពីស្ថានភាពសមុទ្រខាងកើត ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលកំពុងមានការព្រួយបារម្ភរួមគ្នា។

ពួកគេបាននិយាយថា ទំនាក់ទំនងទ្វេភាគីកំពុងមានការរីកចម្រើនប្រកបដោយផ្លែផ្កា ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ដែលពាណិជ្ជកម្មទ្វេភាគីបានឈានដល់តម្លៃ ៣,៤ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៨។ ម៉ិកស៊ីកូ គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២ របស់វៀតណាមនៅតំបន់អាម៉េរិកឡាទីន។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចប្រជុំទ្វេភាគី ព្រមទាំងកិច្ចពិភាក្សាអំពីការបង្កើតក្របខ័ណ្ឌសមស្របដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

ពួកគេក៏នឹងធ្វើការរួមគ្នាដើម្បីបង្កើនប្រសិទ្ធភាពនៃយន្តការដែលមានស្រាប់ ជាពិសេសគណៈកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងប្រើប្រាស់កិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលទាំងវៀតណាម និងម៉ិកស៊ីកូជាសមាជិកក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ក្នុងពេលជាមួយគ្នានេះដែរ ពួកគេនឹងបន្តក្របខ័ណ្ឌច្បាប់ដ៏ល្អឥតខ្ចោះសម្រាប់កិច្ចសហប្រតិបត្តិការ    រយៈពេលវែង នឹងជំរុញគម្រោងរួមគ្នាក្នុងវិស័យកសិកម្ម ការពារជាតិ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ កីឡា និងទេសចរណ៍។

ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលរៀបចំសកម្មភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ឆ្ពោះទៅទិវារំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងការទូតនៅក្នុងឆ្នាំក្រោយ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៧៥) ។ ពួកគេបានឯកភាពលើគោលការណ៍ឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង សន្តិភាព និងការគោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)