រដ្ឋសភា ថា សេចក្តីព្រាងច្បាប់សំណង់នឹងជំរុញឲ្យវិស័យសំណង់នៅកម្ពុជាកាន់តែរីកចម្រើន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រដ្ឋសភាកម្ពុជា លើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលរដ្ឋសភាកំពុងពិនិត្យសិក្សា នឹងជំរុញដល់វិស័យសំណង់នៅកម្ពុជាឲ្យកាន់តែរីកចម្រើន ស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព សោភ័ណភាព និងបរិស្ថាន។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពីសំណង់ នៅវិមានរដ្ឋសភាព្រឹកថ្ងៃទី២០ ខែកញ្ញានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់តាក់តែងឡើងក្នុងបរិបទវិស័យសំណង់មានការរីកដុះដាលកាន់តែច្រើន និងមានលក្ខណៈកាន់តែធំ កាន់តែខ្ពស់ៗ។ ពិសេសក្នុងពេលដែលវិស័យសំណង់បានចូលរួមចំណែកយ៉ាងខ្លំាងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យមានភាពរឹងមាំ ក្នុងចំណោមវិស័យផ្សេងទៀត ដែលមានដូចជា ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាដើម។
បើតាមការបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងពង្រឹងការគ្រប់គ្រង ការងារទំាងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។ ជាមួយគ្នានេះ ក៏ពង្រឹងការគ្រប់គ្រងការងារនគរូបនីយកម្ម ដោយអភិវឌ្ឍន៍ទីក្រុងឲ្យមានសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានឲ្យដឹងថា គណៈកម្មការជំនាញបានទទួលយកសេចក្តីព្រាងច្បាប់នេះមកពីពិនិត្យ បន្ទាប់ពីរាជរដ្ឋាភិបាលបញ្ជូនមកកាន់រដ្ឋសភា ដើម្បីសុំការអនុម័ត។ លោកជំទាវ បន្តថា សេចក្តីព្រាងច្បាប់នេះ បាននឹងកំពុងប្រមូលមតិយោបល់ពីមជ្ឈដ្ឋាននានាដើម្បីជាធាតុចូល ដើម្បីមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងបម្រើដល់ប្រជាពលរដ្ឋទូទៅ មុនដាក់ជូនសភាពេញអង្គអនុម័តនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាក់តែងឡើងតំាងពីឆ្នាំ២០១៧មកម្ល៉េះ ដោយមានការចូលរួមផ្តល់យោបល់ពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជួន និងទេសចរណ៍នៃប្រទេសជប៉ុន បន្ទាប់ពីជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានកំណើនទៀងទាត់ និងនៅបន្តរីកចម្រើនជាលំដាប់ ជាពិសេសការសាង់សង់សំណង់ធំៗខ្ពស់ ដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ សំណង់ទីក្រុងរណប បុរីលំនៅឋាន ជាដើម៕