មន្ដ្រីជាន់ខ្ពស់ចក្រភពអង់គ្លេស រំពឹងថាកម្ពុជានឹងជួយគាំទ្រអង់គ្លេសឲ្យក្លាយជាដៃគូសន្ទនារបស់អាស៊ាន

វិទ្យុ​ជាតិ​កម្ពុជា​៖​ អាត​ ចន្ធូ​ ២០​ ០៩​ ២០១៩​ ៖

មន្ដ្រីជាន់ខ្ពស់ចក្រភពអង់គ្លេស បានបង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងជួយគាំទ្រអង់គ្លេសឲ្យក្លាយជាដៃគូសន្ទនារបស់អាស៊ាន ក្រោយពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនាពេលខាងមុខ។
ក្នុងឱកាស ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការបរទេស លោកជំទាវ Heather Wheeler អនុរដ្ឋលេខាធិការសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស បានបង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងជួយគាំទ្រអង់គ្លេសឲ្យក្លាយជាដៃគូសន្ទនារបស់អាស៊ាន ក្រោយពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបង្ហាញភាពវិជ្ជមានចំពោះសំណើរបស់លោកជំទាវ និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការជំរុញចំណងទាក់ទងជាមួយអាស៊ានឲ្យកាន់តែរឹងមាំ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបានប្រកាសថានឹងផ្តល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មដល់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិច (LDCs) ៤៨ប្រទេស រួមទាំងកម្ពុជាផងដែរ នៅពេលដែលចក្រភពអង់គ្លេសចាកចេញផុតពីសហភាពអឺរ៉ុប(Brexit)។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះជំនួយជាច្រើនរបស់ចក្រភពអង់គ្លេស ដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា។ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបង្ហាញអំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅចុងឆ្ឋាំ២០២០ខាងមុខនេះ ហើយកម្ពុជានិងដាក់ប្រធានបទសំរាប់កិច្ចប្រជុំកំពូលនេះជូនថ្នាក់រដ្ឋមន្រ្តី ASEM នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។ កម្ពុជាសង្ឃឹមថា ឯកឧត្តមនាយករដ្ឋមន្រី្តអង់គ្លេសនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាតំបន់ លោកជំទាវ បានបញ្ជាក់ថា អង់គ្លេសចង់ឃើញការធានាបាននូវសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។ ចំពោះកង្វល់នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអាស៊ាន និងចិនកំពុងពិភាក្សាលើក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូងហើយសង្ឃឹមថាក្រមប្រតិបត្តិនេះនិងអនុម័តនៅក្នុងរយៈពេល៣ឆ្នាំទៀត។ កម្ពុជាមិនមែនជាប្រទេសដែលទាមទារសិទ្ធិអធិបតេយ្យនៅសមុទ្រចិនខាងត្បូងទេ ហើយក៏ពុំមានជំហរលំអៀងទៅរកភាគីណាមួយនៃប្រទេសដែលពាក់ព័ន្ធនោះដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា អ្វីដែលកម្ពុជាចង់បាន គឺការរក្សាបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ក្នុងនោះមានច្បាប់សមុទ្រ(UNCLOS) ។​