ឯកឧត្តម​ ថោង ខុន​ អនុញ្ញាត​ឱ្យ​ប្រតិភូស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ​

AKP ភ្នំពេញ ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​ទេសចរណ៍បានឱ្យ​ដឹងថា ​កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋ   មន្ត្រីក្រសួង​ទេសចរណ៍ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ​នៅ​ទីស្តីការក្រសួង​។​

នៅក្នុង​ឱកាសនោះ​​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍អំពី​មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំរាជធានីភ្នំពេញ និង​បានលើកជាយោបល់ដល់ឯកឧត្តម​ឯកអគ្គ រដ្ឋទូតរុស្ស៊ី ក្នុងការពិចារណាពង្រីកវិសាលភាពការងាររបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីដែល​អាចពង្រីកការបណ្ដុះបណ្ដាលបញ្ជ្រាបចំណេះដឹងផ្នែកភាសា វប្បធម៌ និងទេសចរណ៍របស់រុស្ស៊ី ទៅដល់ប្រទេសនានានៅតំបន់អាស៊ាន ខណៈនៅក្នុងអាស៊ានកម្ពុជាជាប្រទេសទទួលបន្ទុកផ្សព្វផ្សាយវប្បធម៌ និងភាសារុស្ស៊ី ទៅដល់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើភាគីរុស្ស៊ីឱ្យ​រៀបចំដំណើរទស្សនកិច្ចឈ្វេងយល់ (Fam Trip) នៅប្រទេសកម្ពុជា សម្រាប់ប្រតិភូ និងអ្នកសារព័ត៌មានមកពីរុស្ស៊ី ឱ្យបាន ២ដងក្នុងមួយឆ្នាំ ដើម្បីបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ីឱ្យបានច្រើនឡើង និង​ជួយសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដំណើរកម្សាន្តផ្សេងៗនៅកម្ពុជាឱ្យបានញឹកញាប់ផងដែរ ព្រមទាំង​ជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែម ដល់មគ្គុទ្ទេសក៍ទេស ចរណ៍កម្ពុជានិយាយភាសារុស្ស៊ី។​

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើរុស្ស៊ីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ី ព្រមទាំងស្នើឱ្យជួយរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចររុស្ស៊ីផងដែរ។​ លើស​ពីនេះទៀត​ ដោយសារ​តែ​បច្ចុប្បន្ននេះ​ កម្ពុជាមិនទាន់មានការហោះហើរត្រង់ទៅកាន់រដ្ឋធានីមូស្គូ ឬទីក្រុងណាមួយនៅចុងបូព៌ារបស់រុស្ស៊ីមកកាន់កម្ពុជានៅឡើយទេ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏ស្នើឱ្យភាគីរុស្ស៊ីជំរុញ​ការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក(Vladivostok) ឬពីទីក្រុងណាមួយរបស់រុស្សីមកកាន់កម្ពុជា ដែលមានរយៈចម្ងាយខ្លីជាងមកពីមូស្គូ ដើម្បីជំរុញកំណើនភ្ញៀវទេសចររុស្ស៊ីឱ្យមកកម្ពុជាកាន់តែច្រើន។

​ឯកអគ្គរដ្ឋទូតរុស្ស៊ីបានទទួលយកសំណើទាំងនេះយ៉ាងពេញចិត្ត ប៉ុន្តែក៏បានស្នើមកភាគី​កម្ពុជាវិញដែរ ថា​ សូមសហការជាមួយរុស្ស៊ីឱ្យបានជិតស្និទ្ធ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះដំណើរការទៅប្រកបដោយផ្លែផ្កា។

សូមបញ្ជាក់ថា​ នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចររុស្ស៊ីប្រមាណជិត ៦៥.០០០នាក់ និងនៅក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចររុស្ស៊ីបានមកទស្សនាកម្ពុជាមានប្រមាណជាង ៣៤.០០០នាក់​៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​ទេសចរណ៍)