ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍បន្ត

AKP សៀមរាប ថ្ងៃទី​​២០ ខែកញ្ញា ឆ្នាំ២០១៩ -ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការ ងារប្រចាំត្រីមាសទី៣ឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍បន្ត ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាលកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ផ្តោតទៅ លើការធ្វើកំណែទម្រង់ស៊ីជម្រៅសម្រេចឱ្យបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិ ស័យ សំខាន់ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យធានាបាននូវកំណើនការងារសមធម៌ និងប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជានោះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមឱ្យកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ត្រូវផ្តោតសំខាន់ចំពោះមហិច្ឆតារបស់ក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនចង់ឱ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកជនទាំងនោះចង់បង្កចលាចល ធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ដូចជាថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រនោះ បញ្ហានេះក្រុមការងារចុះជួយគ្រប់ក្រុង ស្រុក ត្រូវធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ ដើមី្បកុំឱ្យពួកគាត់ចាញ់នូវឧបាយកលរបស់ក្រុមជ្រុលនិយម ដែលជាក្រុមឧទាមរត់ចោលស្រុក ។

មានប្រសាសន៍បូកសរុបបិទកិច្ចប្រជុំនោះ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ បានលើកឡើងថា គ្រប់រាល់សមិទ្ធផលទាំងអស់ ដែលក្រុមការងារនិងសប្បុរសជនបានចូលរួមកសាងឡើងនៅតាមបណ្តាក្រុង ស្រុក គឺត្រូវធ្វើការបែងចែកឱ្យបានច្បាស់លាស់ ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលរបស់សប្បុរសជនចូលរួម។ ម៉្យាងវិញទៀតត្រូវពង្រឹងការផ្តល់សេវាសាធារណៈលើវិស័យ មួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែប្រែលម្អ និងធ្វើការពង្រឹងដោះស្រាយនៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការធ្វើកំណែទម្រង់ អនុវត្តន៍កម្មវិធីនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យ ឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងត្រីមាសទី៣ឆ្នាំ២០១៩ ដោយផ្តោតទៅលើបញ្ហាបរិស្ថាន អនាម័យ គ្រោះធម្មជាតិ បញ្ហាគ្រឿងញៀន សុខភាពសាធារណៈ បញ្ហាដីធ្លីនិងផ្លូវថ្នល់ និងបញ្ហាការធ្លាក់ចុះនៃភ្ញៀវទេសចរ គឺត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើផងដែរ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកមកអនុវត្តន៍ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕

ដោយហង្ស សៀក