អន្តរក្រសួងពិនិត្យនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ -គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ (កាត់ដេរ ប៉ាក់ បោះពុម្ព និងបោកគក់) ត្រូវបានកិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) នៅទីស្តីការក្រសួងកាលពី ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ (កាត់ដេរ ប៉ាក់ បោះពុម្ព និងបោកគក់) លើផ្ទៃដីទំហំ ១០៨.០០០ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ដាគ្វាន ថេកស្ថាយ​ ខេមបូឌា (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន​។

ក្រោយពីបានពិនិត្យ និងពិភាក្សា​អង្គប្រជុំ ​ទទួលបានលទ្ធផល ដូចខាងក្រោម៖ ១-ក្រុមហ៊ុនត្រូវដោះស្រាយបញ្ហាការបំពុលខ្យល់ សំឡេង រំញ័រ និងការប្រើប្រាស់ម៉ាស៊ីនភ្លើង ។ ២-ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់អំពី​សំណល់ ត្រូវញែកសំណល់គ្រោះថ្នាក់ដាច់ដោយឡែកពីសំណល់គីមី រៀបចំកិនបង្ហាប់ និងត្រូវមានធុងសំរាមឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រូវមានគោលការណ៍ប្រមូលថង់ប្លាស្ទីកឱ្យបានត្រឹមត្រូវ ។ ៣-សំណល់រាវ សុំឱ្យបង្ហូរចូលក្នុងអាងប្រព្រឹត្តិកម្ម ដើម្បីធ្វើការសម្អាតឱ្យត្រូវតាមលក្ខណៈបច្ចេកទេស និងត្រូវអនុលោមតាមអនុក្រឹត្យលេខ ២៣៥ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់។ ៤-សំ ណល់រឹង សំរាម ត្រូវញែកទៅតាមលក្ខណៈប្រភេទសំណល់ផ្សេងៗពីគ្នាទុកដាក់ឱ្យបាន ត្រឹមត្រូវ សំរាមផ្ទះបាយ ទុកឱ្យក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី និងសំរាមឧស្សាហកម្មទុកឱ្យក្រុមហ៊ុនសំណល់ សារុំ ត្រេតឌីង ។ ៥-ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ដល់សុខភាពបុគ្គលិក-កម្មករ ត្រូវមានឧបករណ៍ការពារសុវត្ថិភាពផ្សេងៗ អនុវត្តន៍តាមច្បាប់ការងារ និងត្រូវចុះបញ្ជី ប.ស.ស សម្រាប់បុគ្គលិក-កម្មករទាំងអស់។ ៦-ក្រុមហ៊ុនត្រូវមានកិច្ចសហការល្អជា មួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ច។ ៧-ក្រុមហ៊ុនត្រូវចូលរួមថែរក្សាប្រព័ន្ធលូសាធារណៈនិងចូលរួមចំណែកជួយបញ្ហាសង្គមនានា​ក៏ដូចជាការដាំដើមឈើជាម្លប់ផងដែរ ។

ប្រភពខាងលើបន្តថា កិច្ចប្រជុំនោះមានសមាសភាពចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះឱ្យក្រសួងបរិស្ថាន​ អគ្គលេខាធិការដ្ឋាន​នៃក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ និងអន្តរក្រសួងពាក់ព័ន្ធ​ សរុបចំនួន​ ៣០នាក់ ៕

ដោយ ពេជ្រ ណារិទ្ធ