សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញកាន់បិណ្ឌវេនទី៦នៅវត្តព្រះឥន្ធកោសីយ៍

AKP សៀមរាប ថ្ងៃទី​​២០ ខែកញ្ញា ឆ្នាំ២០១៩ -នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវជាសមាជិកក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ អាជ្ញាធរក្រុង សង្កាត់ទូទាំងខេត្តសៀមរាប បានមូលមតិគ្នាអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា  ក្នុងឱកាសកាន់បិណ្ឌវេនទី៦ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវត្តព្រះឥន្ធកោសីយ៍ ដែលស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។

នៅក្នុងពិធីកាន់បិណ្ឌនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងក្រុមការងារទាំងអស់បាននាំយកនូវគ្រឿងឧបភោគបរិភោគរួមមានអង្ករ១តោន មី៣០កេស ទឹកក្រូច១០កេសទឹកត្រី១០កេស ទឹកស៊ីអ៊ីវ១០កេស ទឹកបរិសុទ្ធ២០កេស ត្រីខ៥កេស ស្ករស២០គីឡូក្រាម តែ១០កញ្ចប់ និងទឹកដោះគោ៥កេស រួមទាំងបច្ច័យចំនួន ១៦.៣៥០.០០០រៀល និងប្រាក់ដុល្លារ ៤.៥២០ដុល្លារអាម៉េរិក ប្រគេនវត្តព្រះឥន្ធកោសីយ៍ ហើយក៏បានចែកជូនផងដែរនូវសីលវ័ន្ត សីលវន្តីដែលបានចូលរួមក្នុងពិធីកាន់បិណ្ឌនោះ ក្នុងម្នាក់ៗទទួលបាននូវក្រណាត់ស១ដុំ និងបច្ច័យ ១ម៉ឺនរៀល។

មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនាឱកាសកាន់បិណ្ឌនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់អំពីគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រជាពលរដ្ឋយើងមានឱកាសបានប្រារព្ធពិធីបុណ្យនានា ជាពិសេសបុណ្យភ្ជុំបិណ្ឌនេះ។ ឆ្លៀតក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ក៏បានបញ្ជាក់ពិតជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទថា ដោយមហិច្ឆតារបស់ខ្លួននៃក្រុមជនអគតិមួយចំនួនដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនចង់ឱ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើននោះ គឺពួកជនទាំងនោះចង់បង្កចលាចលធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ហើយក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ គឺរួមសាមគ្គីគ្នាឡើងប្រឆាំងទៅនឹងទង្វើក្បត់ជាតិ ដែលហ៊ានប្រមាថព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូងនៃប្រជាពលរដ្ឋកម្ពុជាយើង។ ជនក្បត់ជាតិរូបនេះ ក៏បានកំពុងធ្វើការញុះញុងដល់ជួរកងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើការប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានប្រសូត្រឡើងពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ។ ក្នុងនោះ    សម្តេចក៏បានបញ្ជាក់ផងដែរថា យើងគ្រប់រូបត្រូវរួមគ្នាដាច់ខាតការពារនូវសមទ្ធិផលសន្តិភាពឱ្យបានគង់វង្ស ដែលជាសមទ្ធិផលមួយមិនមែនកើតឡើងដោយឯកឯងនោះឡើយ គឺផ្តើមចេញពីការតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយកត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើន។

គួរបញ្ជាក់ថា នៅក្នុងពិធីកាន់បិណ្ឌនោះដែរ មានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ សូមមកទទួលយកនូវផល្លានិសង្សដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្សនេះជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ៕

ដោយហង្ស សៀក