អាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីធ្វើការសិក្សាស្រាវជ្រាវប្រាសាទនៅតំបន់កោះកេរ

AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ -អាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី នឹងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នា នៅប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ដែលមានរយៈពេល ៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២០ ខាងមុខនេះទៅ។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៥នៃគណៈកម្មការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយស៊ីស៊ី-ព្រះវិហារ) កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដែលភាគីអាជ្ញាធរជាតិព្រះវិហារតំណាងដោយឯកឧត្តម គឹម សេតារា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី តំណាងដោយលោកបណ្ឌិត Istvan Zelnik ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា  និងសហប្រធានអាយស៊ីស៊ី-ព្រះវិហារ ឯកឧត្តម ZHOU Jiagui តំណាងរដ្ឋាភិបាលចិន និងលោកជំទាវ Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា។

សូមបញ្ជាក់ដែរថា គោលបំណងសំខាន់នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នារវាងអាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រីនេះ គឺផ្តោតទៅលើការសិក្សាស្រាវជ្រាវនៅប្រាសាទមួយចំនួនក្នុងតំបន់កោះកេរ អំពីហេដ្ឋារចនាសម្ព័ន្ធប្រាសាទ សំណង់ប្រាសាទ និងហានិភ័យដែលប្រាសាទកំពុងប្រឈម ហើយតាមរយៈកិច្ចស្រាវជ្រាវរួមគ្នានេះដែរ  គឺជាជំហានដំបូងមុននឹងឈានដល់ការអភិរក្ស និងការជួសជុលប្រាសាទឱ្យបានរួចផុតពីហានីភ័យ ដែលអាជ្ញាធរជាតិព្រះវិហារកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកតម្លៃប្រាសាទបុរាណក្នុងដែនដីកោះកេរឱ្យបានកាន់តែគង់វង្ស៕

ដោយ ឃុត សៅ