គម្រោងបង្កើតរោងចក្រផលិតបារី និងស៊ីហ្គា បានឆ្លងកិច្ចប្រជុំអន្តរក្រសួង

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតបារី និងស៊ីហ្គា នារសៀល​ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា គម្រោងបង្កើតរោងចក្រផលិតបារី និងស៊ីហ្គា លើផ្ទៃដីទំហំ ១៨,១៩៨៧ហិកតា ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន POWER CIGAR TABACCO CO., LTD. និងរៀបចំ​របាយការណ៍ IESIA ដោយក្រុមហ៊ុនទីប្រឹក្សា E&A CONSULTANT CO., LTD.​ ។

ប្រភពខាងលើបន្តថា សមាសភាពចូលរួមក្នុងអង្គប្រជុំមានការចូលរួម ពី​អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ​នៃក្រសួងបរិស្ថាន​ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ​ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា​ សរុបចំនួន​ ៣៦នាក់។

ជាលទ្ធផល​អង្គប្រជុំ​បានសម្រេច​ ដូចខាងក្រោម៖ ១-អង្គប្រជុំគាំទ្រគម្រោងនេះ ។ ២-ក្រុមហ៊ុនត្រូវមានផែនការគ្រប់គ្រងសំណល់រាវដែលចេញពីខ្សែសង្វាក់ផលិតកម្ម ដោយឆ្លងកាត់អាងប្រព្រឹត្តិកម្មសំណល់រាវ ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងយកសំណល់រាវដែលបានសម្អាតរួចយកទៅស្រោចដើមឈើ រុក្ខជាតិ និងមួយផ្នែកទៀត បង្ហូរទៅក្នុងប្រឡាយ នៅមុខរោងចក្រ ដោយអនុលោមតាមស្តង់ដាររបស់ក្រសួងបរិស្ថាន ។ ៣-ក្រុមហ៊ុនត្រូវមានផែនការ កាត់បន្ថយក្លិនចេញពីរោងចក្រឱ្យបានត្រឹមត្រូវ ដោយបំ ពាក់ឧបករណ៍សម្អាតក្លិន ចៀសវាងបង្កឱ្យមានការបំពុលខ្យល់ដែលនាំឱ្យមានការប៉ះពាល់ដល់សុខភាពបុគ្គលិក-កម្មករ និងការរស់នៅរបស់ប្រជាពលរដ្ឋក្បែរទីតាំងគម្រោង។៤-ក្រុមហ៊ុនត្រូវមានផែនការដាំដើមឈើក្នុងបរិវេណទីតាំងគម្រោងរបស់ក្រុមហ៊ុន ដើម្បីបង្កើត តំបន់បៃតង ។ ៥-ក្រុមហ៊ុនត្រូវផ្តល់សម្ភារ ឧបករណ៍សុវត្ថិភាពការងារដល់បុគ្គលិក-កម្មករ រួមទាំងចុះបញ្ជី ប.ស.ស ដល់បុគ្គលិក-កម្មករឱ្យបានត្រឹមត្រូវ។ ៦-ក្រុមហ៊ុនធ្វើការពិនិត្យសុខភាព​បុគ្គលិក-កម្មករ រៀងរាល់៦ខែម្តង ។ ៧-ក្រុមហ៊ុនត្រូវផ្តល់ឱកាលការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋានចូលបម្រើការងារក្នុងក្រុមហ៊ុន ឱ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន ព្រមទាំងចូលរួមអភិវឌ្ឍន៍ភូមិ-ឃុំទៅតាមលទ្ធភាព។ ៨-ក្រុមហ៊ុនត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមការរៀបរាប់ដែលមាននៅក្នុងរបាយការណ៍ IESIA នេះ ។ ៩-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួល និងបញ្ចូលមតិយោបល់ចូលក្នុង​របាយការណ៍​នេះ​ ស្របតាមស្មារតីអង្គប្រជុំ​ ៕

ដោយ ពេជ្រ ណារិទ្ធ