ឯកអគ្គរដ្ឋទូតរុស្ស៊ីគាំទ្រការពង្រឹងសមត្ថភាពដល់មគ្គុទ្ទេសទេសចរណ៍កម្ពុជាជំនាញភាសាររុស្ស៊ី

វិទ្យុជាតិកម្ពុជា៖ ចេម ហួត
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីគាំទ្រការពង្រឹងសមត្ថភាពដល់មគ្គុទ្ទេសទេសចរណ៍កម្ពុជាជំនាញភាសាររុស្ស៊ីដើម្បីផ្តល់ចំណេះដឹងកាន់តែទូលំទូលាយងាយស្រួលក្នុងការធ្វើការទំនាក់ទំនងជាមួយភ្ញៀវទេសចររុស្ស៊ីដែលមកទស្សនាកម្ពុជា។
ឱកាសចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះឯកឧត្តម ឌីមីទ្រី ស្តេកូវ (Dmitry TSVETKOV )ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបានទទួលយកនូវសំណើរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាលភាសារុស្ស៊ីលើមគ្គុទ្ទេសទេសចរណ៍កម្ពុជា ហើយ វគ្គបណ្តុះបណ្តាលនោះអាចនឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។
ឯកឧត្តមសន្យាថា នឹងជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីបង្កើនការចាប់អារម្មណ៍ឲ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានវាយតម្លៃខ្ពស់ចំពោះសន្យា ជួយអភិវឌ្ឍធនធានមនុស្សកម្ពុជាដោយឯកឧត្តម ស្នើឲ្យមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ីនៅរាជធានីភ្នំពេញបង្កើតឲ្យមានការបណ្តុះបណ្តាលខ្លី ឬវែងពង្រីកខ្លួនជាមជ្ឈមណ្ឌលសម្រាប់អាស៊ានតែម្តង។ ជាមួយគ្នានោះឯកឧត្តមចង់ឲ្យមានការរៀបចំនូវដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានរុស្ស៊ីមកកម្ពុជាយ៉ាងតិចមួយឆ្នាំ២ដង ដើម្បីពួកគេបានស្វែងយល់អំពីគោលដៅ រួមទាំងសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជាយកទៅផ្សព្វផ្សាយនៅប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចររុស្ស៊ីប្រមាណ ៦៥,០០០នាក់ ខណដែលរយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ ទេសចររុស្ស៊ីបានមកទស្សនា កម្ពុជាមានប្រមាណជាង ៣៤,០០០នាក់៕