អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា​ សូម្បីតែព្រះមហាក្សត្រ ក៏ទណ្ឌិត​ សម​ រង្ស៊ី​ ហ៊ានប្រមាថដែរ ដើម្បីចង់បានអំណាច

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម​ ជិន​ ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា​ ព្រោះតែអំណាច ដើម្បីខ្លួនឯង​ និងបក្ខពួក​ ទណ្ឌិត​សម​ រង្ស៊ី​ សូម្បីតែព្រះមហាក្សត្រ ក៏ទណ្ឌិតរូបនេះហ៊ាន ប្រមាថដែរ​ ដែលករណីនេះគឺជារឿងដែលមិនអាចអត់អោនឱ្យបាននោះទេ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា នាទីស្តីការគណៈរដ្ឋមន្រ្តី​ ឯកឧត្តម​ ជិន​ ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា​ ការប្រមាថអង្គព្រះមហាក្សត្រនេះ​ គឺមិនមែនជាលើកទីមួយនោះដែលទណ្ឌិតរូបនេះបានធ្វើ។ ជាក់ស្តែងទណ្ឌិតរូប នេះធ្លាប់បានតុលាការសម្រេចផ្តន្ទាទោសម្តងរួចហើយករណីដូចគ្នានេះ។

សកម្មភាពដដែលៗដែលទណ្ឌិតរូបនេះបានប្រព្រឹត្តនោះ​ គឺឆ្លុះបញ្ចាំងឱ្យឃើញថា​ ទណ្ឌិតរូបនេះព្រោះតែចង់បានអំណាចសូម្បីតែអង្គព្រះមហាក្សត្រក៏ទណ្ឌិតរូបនេះមិនខ្លាចនឹងប្រមាថនោះដែរឱ្យតែខ្លួនសម្រេចមហិច្ឆតាដែលខ្លួនចង់បាន​ បើទោះបីជារឿងខុស ច្បាប់យ៉ាងណាក៏ដោយចុះ។

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ​ បានបញ្ជាក់ថា​ ការអនុវត្តច្បាប់ ចំពោះទណ្ឌិតរូបនេះ​ គឺធ្វើឡើងស្របតាមច្បាប់ដែលមានក្រមព្រហ្មទណ្ឌ​ និងរដ្ឋធម្មនុញ្ញ ជាគោល​ ហើយករណីនេះវាមិនខុសពីការអនុវត្តរបស់បណ្តាប្រទេសមួយ ចំនួននៅក្នុងតំបន់ និងនៅលើពិភពលោកនោះទេដែលជាប្រទេសមានព្រះមហា្សត្រគ្រងរាជ្យ។

ឯកឧត្តម​ បានសង្កត់ធ្ងន់ថា​ ការប្រមាថអង្គព្រះមហាក្សត្រនេះ​ គឺជាការប្រមាថ ចំពោះ ប្រជាជន​ និងជាតិទាំងមូល​ មិនមែនតែព្រះអង្គតែមួយអង្គនោះដែរ បើយើងមើល ច្បាប់រដ្ឋ ធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។ ឯកឧត្តម​ បន្តថា​ ករណីនេះស្រាលផង​ បើប្រៀប ធៀបជាមួយប្រទេសមួយចំនួនដែលមានការអនុវត្តច្បាប់ចំពោះការប្រមាថ អង្គព្រះមហាក្សត្រ នេះ។

សូមជម្រាបជូនថា​ ទណ្ឌិត​ សម​ រង្ស៊ី​ តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុ អាស៊ីសេរី បានធ្វើការប្រមាថអង្គព្រះមហាក្សត្រដោយទណ្ឌិតរូបនេះបានប្រើប្រាស់ពាក្យសម្តីថា​ ព្រះមហាក្សត្រកម្ពុជាជាអាយ៉ងរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ ការប្រមាថនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីមជ្ឈដ្ឋានជាច្រើនរហូតអយ្យការធ្វើការចោទប្រកាន់ទណ្ឌិតរូបនេះពីបទប្រមាថអង្គព្រះមហាក្សត្រជាផ្លូវការផងដែរ៕

ដោយ ចាន់ សុធីវង្ស