គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៅតែបន្តចូលរួមរៀបចំ«ទិវាពិភពលោកស្អាត»នៅប្រទេសកម្ពុជានាថ្ងៃ២១ខែកញ្ញានេះ

វិទ្យុជាតិកម្ពុជា : ហាន់ ស្រីណា

ភ្នំពេញ: គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយក្រសួង បរិស្ថាន និងអង្គការ Let’s do it! World នៅតែបន្តចូលរួម រៀបចំ«ទិវាពិភពលោកស្អាត» នៅប្រទេសកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីផ្សព្វផ្សាយការអំពីការរក្សារអនាម័យ និងបរិស្ថានដល់ប្រជាពលរដ្ឋកម្ពុជា និងទាំងសលកលោក។

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៅថ្ងៃទី១៩ ខែកញ្ញានេះ បានឱ្យដឹងថា ការរៀបចំទិវាពិភពលោកស្អាតនេះមានគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាល ។ ជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលនឹងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យ ទេសចរណ៍ បង-ប្អូនប្រជាពលរដ្ឋេ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាននៅតាមបណ្តាទីក្រុង។

ប្រភពដដែលបានដឹងទៀតថា ដើម្បីចងក្រងជារបាយការណ៍និងរួមចំណែកមួយនៃពិភពលោកនិងជាការបញ្រ្ជាបការយល់ដឹងពីការថែរក្សាអនាម័យផង
ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ សហគមន៍ទេសចរណ៍ ស្ថាប័នរដ្ឋស្ថាប័នឯកជន អង្គការសង្គមស៊ីវិល ប្រតិបត្តិករទេសចរណ៍ សិស្ស និស្សិត យុវជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំយុទ្ធនាការសម្អាតទៅតាមលំនៅដ្ឋាន សហគមន៍ ទីប្រជុំជនតាមភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ រាជធានី-ខេត្តរបស់ ជាមួយយុទ្ធនាការនេះឱ្យបានច្រើនកុះករ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ទិវាពិភពលោកស្អាត ត្រូវបានរៀបចំឡើងនៅក្នុង១៥៧ប្រទេស ហើយមានអ្នកចូលរួមសរុបប្រមាណ ១៧លាន៨ សែននាក់ និងសំរាមប្រមាណ ៨៨,៥០០តោន ត្រូវបានប្រមូលក្នុងយុទ្ធនាការនោះ៕