ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែតុលា

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋឆែក រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែតុលាខាងមុខនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា-មាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង ឯកឧត្តម មាស គឹមហេង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងការពេញចិត្ត ចំពោះទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន វិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀត ។
ឯកឧត្តម មាស គឹមហេង បានឲ្យដឹងទៀតថា ក្នុងកិច្ចពិភាក្សា ក៏ផ្ដោតសំខាន់ទៅលើគម្រោង នៃការបំពេញទស្សនកិច្ច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទៅកាន់សាធារណរដ្ឋឆែកនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែតុលា ខាងមុខនេះផងដែរ។
សំឡេង៖ ឯកឧត្តម ឩបនាយករដ្ឋមន្ដ្រីក៏បានសម្ដែងនូវការពេញចិត្តចំពោះ ទំនាក់ទំនងនៃប្រទេសទាំងពីរជាពិសេស ការផ្លាស់ប្ដូរទស្សនៈកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ ហើយនឹងកិច្ចសហការលើវិស័យនានា មានជាអាទិ៍លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ហើយកម្ពុជាយើងក៏សូមថ្លែងអំណរគុណដែរចំពោះសាធារណរដ្ឋឆែកដែលបានផ្តល់អាហារូបករណ៍ កន្លងមក មកដល់និស្សិតកម្ពុជា ហើយនិងជួយផ្នែកសុខាភិបាលយ៉ាងច្រើននៅកម្ពុជារួមមាននៅខេត្តតាកែវ និងតំបន់ផ្សេងៗទៀត កិច្ចពិភាក្សានៅព្រឹកនេះក៏បានផ្តោតសំខាន់ ទៅលើគម្រោង នៃការបំពេញទស្សនៈកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅសាធារណរដ្ឋឆែក នៅថ្ងៃទី ១៣-១៤ នៅខែតុលាខាងមុខនេះ។
ឯកឧត្តម មាស គឹមហេង បន្ថែមថា ភាគីឆែកបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-ឆែក ។ ឯកឧត្តមបន្ដថា ប្រទេសឆែកចាត់ទុកកម្ពុជា ជាមិត្តជិតស្និទម្នាក់ ហើយនឹងខិតខំធ្វើយ៉ាងណាជំរុញ ឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែជិតស្និទ និងមានកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។
ឯកឧត្តមបន្ថែមទៀតថា ប្រទេសឆែកមានគម្រោងធ្វើកិច្ចសហការ ជាមួយកម្ពុជា ដើម្បីបើកមន្ទីរពេទ្យមួយ នាពេលខាងមុខ ដោយបំពាក់ឧបករណ៍ទំនើបៗ និងមានវេជ្ជបណ្ឌិតល្បី។ ឯកឧត្តមបន្ដទៀតថា ប្រទេសមួយនេះក៏កំពុងធ្វើការពិភាក្សាជាមួយកម្ពុជា ក្នុងក្របខណ្ឌ Development Corperation ដើម្បីធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យនេះ ដំណើរការល្អនាពេលខាងមុខ ។
ឯកឧត្តមបន្ថែមថា បញ្ហានេះក៏នឹងត្រូវលើកយកមកពិភាក្សាគ្នា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋឆែកនាពេលខាងមុននេះផងដែរ ៕