ខណ្ឌជលផលពង្រឹងសមត្ថភាពសហគមន៍នេសាទឃុំព្រះរំកិល

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.Cខណ្ឌជលផលស្ទឹងត្រែងពង្រឹងសមត្ថភាពមន្ត្រីសហគមន៍នេសាទនៅឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីរួមគ្នា បង្កើនការអភិរក្សសត្វផ្សោតមេគង្កនៅតំបន់ជិតព្រំប្រទល់ទន្លេមេគង្គនៃទឹកដីប្រទេសឡាវ ឱ្យវារស់នៅមាននិរន្តរភាព សម្រាប់ភ្ញៀវទេសចរ មកទស្សនាកំសាន្ត។
ក្នុងកម្មវិធីពង្រឹងសមត្ថភាពមន្ត្រីសហគមន៍នេសាទ លោកយាម    សាវុននាយរងផ្នែករដ្ឋបាលជលផលមេគង្គនៃខណ្ឌជលផលបានបញ្ជាក់ថា៖ខណ្ឌជលផលនិងបន្ថែមមធ្យោបាយទូកម៉ាស៊ីនជូនមកសហគមន៍នេសាទដើម្បីបំរើឱ្យយន្តការការពារធនធានមច្ឆជាតិ  ជាពិសេសត្រីផ្សោត ។ លោកថា៖នៅថ្ងៃទី១ខែតុលាខាងមុខនេះរដូវបើកនេសាទនិងឈានចូលមកដល់តែសមាជិកសហគមន៍ក៍ត្រូវបន្តរួមគ្នាគោរពនិងអនុវត្ត ច្បាប់ជលផលដោយមិនត្រូវចូលធ្វើនេសាទនៅតាមអន្លង់អភិរក្សនោះទេ ជាពិសេសនៅអន្លង់ផ្សោតជាតំបន់ទេសចរណ៍នេះ។
(សម្លេង)ប្រសិននៅជិតតំបន់ផ្សោតនេះគឺអត់ឱ្យមានតែបើនៅឆ្ងាយពីតំបន់ផ្សោតស្ថិតនៅតំបន់ស្នូលស្ថិននៅតំបន់ទ្រនាប់បានន័យថា សម្រាប់ទឹកដីខេត្តស្ទឹងត្រែង ខេត្តក្រចេះ បានកំណត់ជាខេត្តសំបូរសត្វផ្សោត។
លោកស្រី ឡុក ចន្ធូ សមាជិកក្រុមប្រឹក្សាឃុំព្រះរំកិលទទួលស្គាល់ថា៖សក្តានុពលនេះពិតជាទាក់ទាញភ្ញៀវទេសចរមកទស្សនាបានច្រើន  ជាក់ស្តែងនៅពេលរដូវបុណ្យទានម្តងៗ មានភ្ញៀវមកលេងជាប់ជាហូរហែរ  ដោយសារតែពួកគាត់ចង់ឃើញនិងចង់ស្គាល់សត្វផ្សោតនេះ។  លោកស្រីបន្តថា៖បច្ចុប្បន្ន សមាជិសហគមន៍បាននាំគ្នាធ្វើល្បាតជាមួយសមត្ថកិច្ចផងនិងរៀប ចំសេវាកម្មដឹកជញ្ជូនភ្ញៀវផងព្រោះប្រជាពលរដ្ឋនៅតំបន់នេះក្រៅពីការងារស្រែចំការនាំគ្នាលក់ដូរចំណីអាហារបានប្រាក់ចិញ្ចឹមជីវភាពប្រសើរជាងទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម។
លោកប៊ុថនសមាជិកសហគមន៍នេសាទព្រះរំកិលអះអាងថា៖នេះជាការរួមគ្នាដោះស្រាយរាល់ភាពលំបាកព្រោះប្រជាពលរដ្ឋរស់នៅតំបន់នេះច្រើនប្រកបរបរកសិកម្មពេលបានផលនាំគ្នាកែច្នៃយកមកលក់នៅតំបន់អេកូទេសចរណ៍។ លោកបន្ថែមថា៖សមាជិកសហគមន៍និងមន្ត្រីជំនាញតែងបានសហការគ្នាធ្វើប្រតិបត្តិការជាប្រចាំ  តែនៅតែមានការឆកល្វេងខ្លះៗ  ដែលជនខិលខូចចេះតែលួចដាក់មងក្នុងអន្លង់អភិរក្ស និងខ្លះទៀតលួចប្រើប្រាស់ឧបករណ៍ឆក់ត្រីនៅពេលយប់។
សូមបញ្ជាក់ថា៖ឃុំព្រះរំកិលមានសហគមន៍នេសាទចំនួន៦ មានគណកម្មការសហគមន៍៤២នាក់ និងសមាជិកសរុបជាង២០០នាក់បានរួមគ្នាផ្សព្វផ្សាយច្បាប់ផងនិងធ្វើសកម្មភាពអភិរក្សផង ដើម្បីការពារសត្វផ្សោតធម្មជាតិកុំឱ្យបាត់បង់៕