សម្តេចប្រមុខរដ្ឋស្តីទី និងលោកជំទាវ ចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៦

វិទ្យុជាតិកម្ពុជា៖ លោក ចេម ហួត

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទំាងក្រុមគ្រួសារ អមដំណើរដោយសមាជិក សមាជិកាព្រឹទ្ធសភា ឯកឧត្តម លោកជំទាវជាទីប្រឹក្សា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តមុន្នីប្រសិទ្ធីវង្ស (វត្តព្រែកព្នៅ) ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមគន្លងប្រពៃណីនិងសាសនា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ បានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា និងសម្រាប់ការសាងសង់សមិទ្ធផលនានា ក្នុងវត្តមុន្នីប្រសិទ្ធីវង្ស ដោយសទ្ធាជ្រះថ្លាជាទីបំផុត។

សម្តេចប្រមុខរដ្ឋស្តីទី បានឧទ្ទិសកុសលផលបុណ្យដែលកើតមាននៅក្នុងឱកាសនេះ ជូនចំពោះវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ព្រមទាំងបុព្វការីជន វីរៈជនស្នេហាជាតិទំាងអស់ ដែលបានចែកឋានទៅហើយ បានជួបតែបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សម្តេចបានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ ជួបតែសេចក្តីសុខ និងការរីកចម្រើន ជារៀងរហូតទៅ៕