កូរ៉េខាងត្បូង និងប៊ុលហ្គារី នឹងធ្វើកិច្ចប្រជុំកំពូល នៅទីក្រុងសេអ៊ូលនាសប្តាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ប្រទេសកូរ៉េខាងត្បូង និងប៊ុលហ្គារី នឹងមានកិច្ចពិភាក្សាកំពូលនៅទីក្រុងសេអ៊ូលនា​សប្តាហ៍​ក្រោយ​ ស្តីពីការពង្រឹងភាពជាដៃគូក្នុងវិស័យដូចជាពាណិជ្ជកម្ម វិនិយោគ និង​ថាមពល​។

នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Boyko Borisov គ្រោងនឹងចាប់ផ្តើមធ្វើទស្សនកិច្ច​ផ្លូវការ​រយៈពេល៣ថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ តបតាមការ​អញ្ជើញរបស់​ប្រធានាធិបតី កូរ៉េខាងត្បូងលោក Moon Jae-in ។ លោក Borisov នឹងក្លាយជានាយករដ្ឋមន្ត្រីប៊ុលហ្គារីដំបូងគេ ដែលធ្វើទស្សនកិច្ច​នៅ​ប្រទេសកូរ៉េខាងត្បូង។

តាមអ្នកនាំពាក្យការិយាល័យ Cheong Wa Dae លោកស្រី Ko Min-jung បានឱ្យដឹងថា មេដឹកនាំទាំងពីរគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលមួយនៅថ្ងៃសុក្រ ដើម្បីពិភាក្សាគ្នាអំពី​វិធី​សាស្រ្ត​​​សំខាន់ៗ ដើម្បីអភិវឌ្ឍន៍កិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរបៀប « ទៅវិញ​ទៅមក​និងឆ្ពោះទៅមុខ »។

លោកស្រី Ko បានប្រាប់អ្នកយកព័ត៌មានថា ក្នុងចំណោមមុខសញ្ញានៃរបៀបវារៈ គឺវិធីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងនៅក្នុងវិស័យផ្សេងៗរួមមាន៖ ពាណិជ្ជកម្ម វិនិយោគ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ ការអភិវឌ្ឍអាវុធ វប្បធម៌ និងការអប់រំ។

លោក មូន ក៏នឹងព្យាយាមបញ្ជាក់ជាថ្មីឡើងវិញ នូវការគាំទ្ររបស់ប៊ុលហ្គារីចំពោះ ដំណើរការ​សន្តិភាពកូរ៉េ និងនិយាយអំពីបញ្ហាអន្តរជាតិសំខាន់ៗផ្សេងទៀត ដែលមិនទាន់​សម្រេច។

លោកស្រី Ko បានបន្ថែមថា ដោយភាគីទាំងពីរ រំលឹកខួបលើកទី៣០ឆ្នាំ នៃការ​បង្កើតទំនាក់ទំនងការទូត កិច្ចប្រជុំកំពូលនេះត្រូវបានគេរំពឹងថា នឹងធ្វើជាឱកាសមួយដើម្បី «ពង្រីកកិច្ចសហប្រតិបត្តិការដ៏មាន សារៈសំខាន់ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូ​ដ៏ទូលំ​ទូលាយ​ និងឆ្ពោះទៅមុខ » ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)