អ្នកនេសាទកូរ៉េខាងជើងជាង១៦០នាក់ ត្រូវបានឃុំខ្លួននៅសមុទ្រជប៉ុន

AKP ភ្នំពេញ  ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈរបស់សហព័ន្ធសន្តិសុខសហព័ន្ធរុស្ស៊ី(FSB) បាន​ប្រាប់ TASS កាលពីថ្ងៃពុធថា ឆ្មាំព្រំដែនរុស្ស៊ីបានឃុំខ្លួននាវិកកូរ៉េខាងជើងជាង ១៦០នាក់​ចេញពីនាវានេសាទចំនួនពីរនៅសមុទ្រជប៉ុន។ អ្នកដែលត្រូវបានឃាត់ខ្លួនខ្លះរងរបួស។

មជ្ឈមណ្ឌលបានជូនដំណឹងថា ជាលទ្ធផលនៃសកម្មភាពសម្របសម្រួល ដោយឆ្មាំ​សមុទ្រ​អាកាសចរណ៍ និងអង្គភាព​គោល​ដៅពិសេសកងឆ្មាំព្រំដែន បានឃាត់ទុកនាវានេសាទ​ចំនួន២គ្រឿង ម៉ូតូទឹកចំនួន ១១ គ្រឿង និងពលរដ្ឋកូរ៉េខាងជើងចំនួន១៦១នាក់។ ជន​បរ​ទេស​​ភាគច្រើនបានរងរបួស ដោយ​ពួកទាំងនោះគេត្រូវបានគេផ្តល់ជំនួយវេជ្ជសាស្រ្តដែលត្រូវ​ការ​​ចាំបាច់។

មជ្ឈមណ្ឌលបានបន្ថែមទៀតថា ឆ្មាំព្រំដែនបានដកហូតឧបករណ៍នេសាទដែល​បាន​ហាម​ឃាត់ ក៏ដូចជាធនធានសមុទ្រ​ដែល​ទទួល​បានដោយខុសច្បាប់ ។ ក្រុមជនល្មើសត្រូវបាន​បញ្ជូនទៅកំពង់ផែ ណាកូដកា (Nakhodka) ដើម្បីធ្វើការសម្រេចចិត្ត និងនីតិវិធីបន្ថែមទៀត។

មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានប្រាប់ TASS ថា ទន្ទឹមនឹងនេះដែរ បុគ្គលិកឆ្មាំការពារព្រំដែនបួននាក់ដែលរងរបួស​ ស្ថិតនៅក្នុងស្ថាន​ភាពធម្មតា ហើយជីវិតរបស់ពួកគេ គឺគ្មានគ្រោះថ្នាក់ទេ។

នៅពេលមុននេះ មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈ FSB របស់រុស្ស៊ីបានជូនដំណឹង​ថា សេវាកម្មព្រំដែនរុស្ស៊ីបានរកឃើញនាវានេសាទកូរ៉េខាងជើង ២គ្រឿង និងម៉ូតូទឹកចំនួន ១១គ្រឿង ដែលកំពុងនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់រុស្ស៊ីនៅសមុទ្រជប៉ុន។ នាវា​មួយ​គ្រឿង​ក្នុងចំណោមនាវាពីរគ្រឿងនោះត្រូវបានវាយប្រហារដោយក្រុមល្បាត៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)