បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍រួមដៃគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ សន្និសីទស្នងការនគរបាលអាស៊ានលើកទី៣៩ (ASEANAPOL) បានចាប់ផ្តើមជាផ្លូវការនៅទីក្រុងហាណូយក្រោមប្រធានបទ «កិត្តិយសដោយភាពជាដៃគូ និរន្តរភាពដោយការបង្រួបបង្រួម»។

ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការពហុជាតិក្នុងការបង្ការ នឹងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មដែលកំពុងកើតមាននៅក្នុងតំបន់ ដូចជាការទិញ និងលក់គ្រឿងញៀនខុសច្បាប់ អំពើភេរវកម្ម ការរត់ពន្ធអាវុធ ការជួញដូរមនុស្ស ការបន្លំប័ណ្ណឥណទាន ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ការជួញដូរសត្វព្រៃខុសច្បាប់ និងបទឧក្រិដ្ឋតាមសមុទ្រ។

សន្និសីទនេះមានការចូលរួមពីគណៈប្រតិភូប្រមាណជិត ៣០០នាក់ មកពីប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនារបស់ ASEANAPOL ចំនួន ១០ ដែលរួមមាន អូស្រ្តាលី ,ចិន ,ជប៉ុន ,សាធារណរដ្ឋកូរ៉េ , ណូវែលហ្សេឡង់, រុស្ស៊ី ,តួកគី, លេខាធិការដ្ឋានអាស៊ាន, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (InterPol) និងការិយាល័យនគរបាលអឺរ៉ុប (Europol) ។

អ្នកចូលរួមទាំងនោះក៏មានគណៈប្រតិភូមកពីក្រុមអ្នកសង្កេតការណ៍ ASEANAPOL ដែលរួមមាន ហ្វីជី ,ទីម័រខាងកើត ,ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ នៃចក្រភពអង់គ្លេស សមាគមអន្តរជាតិ នៃស្នងការនគរបាល  គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) និងការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) ផងដែរ។

នៅក្នុងពិធីបើកសន្និសីទនេះ រដ្ឋមន្រ្តីសន្តិសុខសាធារណៈវៀតណាម លោក To Lam បាននិយាយថា ជាមួយនឹងចំនួនប្រជាជនជាង ៦៤០លាននាក់ និងផលិតផលក្នុងស្រុកសរុបជិត ៣ទ្រីលានដុល្លារអាម៉េរិក អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រការពារសន្តិសុខ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចជាច្រើននៅលើពិភពលោក។

លោក Lam បាននិយាយថា បន្ថែមពីលើគុណសម្បត្តិទាំងនេះ តំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមមានបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ លោកបាននិយាយបន្ថែមថា តួនាទីរបស់ភ្នាក់ងារអនុវត្តន៍ច្បាប់ នៃបណ្តាប្រទេសនៅអាស៊ាន រួមទាំងកម្លាំងនគរបាល គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងកិច្ចការពារ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ក៏ដូចជាការធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ដោយត្រូវបានបង្កើតឡើងអស់រយៈពេល ៤០ឆ្នាំមកនេះ ASEANAPOL ត្រូវបានមើលឃើញនូវការរីកចម្រើនគួរឱ្យកត់សម្គាល់ជាមួយប្រទេសជាសមាជិកទាំង ១០ប្រទេស ដៃគូសន្ទនា ១០ប្រទេស និងអ្នកសង្កេតការណ៍ ៦ប្រទេស។ ជាមួយនឹងបណ្តាប្រទេស និងដៃគូ ដែលមានចំនួនច្រើនបែបនេះ កិច្ចសហ-ប្រតិបត្តិការរបស់ ASEANAPOL ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសក្នុងតំបន់។

នៅក្នុងសន្និសីទនេះ អ្នកចូលរួមផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន អំពើភេរវកម្ម ការជួញដូរអាវុធខុសច្បាប់ ការជួញដូរមនុស្ស ការលួចចម្លង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ – ធនាគារ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)