មន្ត្រីជំនាញកាំកុងត្រួលខេត្ត ចុះត្រួតពិនិត្យទំនិញនៅផ្សារតាកែវ

AKP តាកែវ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ — មន្ត្រីជំនាញសាខាកាំកុងត្រួលខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រួលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមទៅលើទំនិញ អាហារ និងគ្រឿងកំប៉ុងជាច្រើនមុខដែលដាក់លក់នៅក្នុងផ្សារតាកែវ ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រួលខេត្តតាកែវ បានឱ្យដឹងថា នៅក្នុង ការចុះត្រួតពិនិត្យមុខទំនិញដែល ដាក់លក់លើទីផ្សារតាកែវ មន្ត្រីជំនាញសាខាកាំកុង ត្រួលខេត្តតាកែវបានពិនិត្យរកឃើញអំបិលមួយចំនួនដែលក្រុមអាជីរករដាក់លក់មិនមានសារធាតុអ៊ីយ៉ូត។ អំបិលទាំងនោះផលិតដោយក្រុមហ៊ុនពីរ គឺក្រុមហ៊ុនទាគីមហួរ និងក្រុមហ៊ុន សញ្ញាត្រីឡូម៉ា ដែលមិនមានដាក់សារធាតុអ៊ីយ៉ូត នៅក្នុងអំបិលនោះទេ។  ដូច្នេះមន្ត្រីជំនាញ យើងបានធ្វើការណែនាំដល់បងប្អូនអាជីវករ ឱ្យទាក់ទងទៅក្រុមហ៊ុនទាំងពីរខាងលើឱ្យនាំ យកអំបិលដែលមានដាក់សារធាតុអ៊ីយ៉ូតមកចែកចាយលក់លើទីផ្សារឡើងវិញ។

លោក ប៉ោ លាងគង់ បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករដែលដាក់លក់ទំនិញ លើទីផ្សារទាំងអស់ត្រូវតែលក់ទំនិញដែលគ្មាន ដាក់សារធាតុគីមីដែលនាំឱ្យប៉ះ ពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសការដាក់លក់អំបិលត្រូវតែ អំបិលដែលមានសារធាតុអ៊ីយ៉ូត។ ព្រោះការប្រើប្រាស់អំបិលដែលគ្មាន ជាតិអ៊ីយ៉ូតវានឹងធ្វើឱ្យអ្នកប្រើប្រាស់ពក ក និងមិនមានការលូតលាស់ដល់រាងកាយ បញ្ញា ស្មារតីរបស់កុមារឡើយ។

លោក ប៉ោ លាងគង់ បានបន្ថែមថា ការចុះត្រូតពិនិត្យទំនិញ ដែលដាក់លក់ លើទីផ្សារក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងនេះ ក្រៅពីអំបិលដែលមន្ត្រី ជំនាញរកឃើញមិនមានសារធាតុអ៊ីយ៉ូតនោះ ក្រៅពីនេះទំនិញហូបចុក និងគ្រឿង កំប៉ុងដែលដាក់លក់លើកទីផ្សារ មន្ត្រីជំនាញរកមិនឃើញទំនិញមានដាក់សារធាតុគីមី និងទំនិញហួសការបរិច្ឆេទប្រើប្រាស់នោះទេ។ ការរកមិនឃើញទំនិញ មានដាក់សារធាតុគីមី និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់នោះ បានបង្ហាញថា បងប្អូនអាជីរករមួយចំនួនធំ កាន់តែយល់ដឹងពីសុវត្ថិភាពចំណីអាហារបានល្អ៕

ដោយ អ៊ុច សៀង