ពុទ្ធសាសនិកនៃប្រទេសអាស៊ានចំនួន៥ រួមគ្នាធ្វើធម្មយាត្រាផ្សព្វផ្សាយពីគោលមាគ៌ាដឹកនាំតាមផ្លូវព្រះធម៌

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ពុទ្ធសាសនិកនៃប្រទេសអាស៊ានចំនួន៥ រួមគ្នាធ្វើធម្មយាត្រា ដើម្បីផ្សព្វផ្សាយពីគោលការណ៍ដឹកនាំតាមបែបសាសនាព្រះពុទ្ធ សំដៅផ្សារភ្ជាប់ទំនាក់ទំនងផ្នែកព្រះពុទ្ឋសាសនា និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ប្រពៃណី សាមគ្គីភាព និងចែករំលែកចំណេះដឹង។
លោក ស៊ុផាឆៃ វីរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាវិឆាឡាយ៉ា៩៨០ បានឲ្យដឹងថា ធម្មយាត្រាឆ្លងកាត់ដែនដីទាំង៥ នៃប្រទេសតំបន់ទន្លេមេគង្គនេះគ្រោងមានព្រះសង្ឃ និងពុទ្ធិបរិស័ទ្ទសរុប១២០អង្គ/នាក់ ចូលរួមមានដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលាខាងមុខនេះ។,
ធម្មយាត្រានេះ នឹងចាប់ផ្តើមចេញដំណើរពីវត្តមួយនៅប្រទេសថៃ ឆ្ពោះទៅតំបន់ជំនឿសាសនាមួយចំនួននៃប្រទេសមីយ៉ាន់ម៉ា រួចបន្តដំណើរទៅកាន់ខេត្តដៀនបៀនប្រទេសវៀតណាម រួចបន្តទៅតំបន់ខណ្ឌហ្លួងប្រទេសឡាវ ហើយបន្តចូលទឹកដីកម្ពុជា តាមច្រកព្រំដែនខេត្តស្ទឹងត្រែង ដើម្បីធ្វើដំណើរចូលខេត្តសៀមរាប ដែលជាគោលដៅចុងក្រោយនៃគម្រោងធម្មយាត្រានេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ លោកបានបញ្ជាក់ថា ដំណើរធម្មយាត្រនេះ ដើម្បីផ្សព្វផ្សាយ លើកស្ទួយ ការពារ និងថែរក្សាព្រះពុទ្ធសាសនា ព្រមទាំងបង្ហាញពីព្រះពុទ្ធសាសនាការទូត ដើម្បីឲ្យថ្នាក់ដឹកនាំបានប្រើប្រាស់នូវគោលការណ៍ធម៌ព្រះពុទ្ធ។ ជាមួយគ្នានេះ ក៏ដើម្បីបង្កើតឲ្យមានសាមគ្គីភាព ស្វែងយល់វប្បធម៌គ្នាទៅវិញទៅមក រួមទាំងផលប្រយោជន៍លើផ្នែកផ្សេងៗទៀតនៅតាមបណ្តាប្រទេសនៃតំបន់ទន្លេមេគង្គ ទាំងការធ្វើធុរកិច្ច ជំនួញ និងទេសចរណ៍ដែលនាំនូវភាពរីកចម្រើន និងសុខសន្តិភាពនៅលើដែនដីសុវណ្ណភូមិជានិច្ចនិរន្ត។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រចំពោះការរៀបចំឲ្យមានធម្មយាត្រាដែលប្រមូលផ្តុំពុទ្ធសាសនិកតំបន់ទន្លេមេង្គឲ្យក្លាយជាធ្លុងមួយ សំដៅនាំមកនូវសេចក្តីសុខផ្នែកផ្លូវអារម្មណ៍ ផ្លូវកាយ សុខសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា គម្រោងធម្មយាត្រាដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គនេះ មានចម្ងាយផ្លូវជាង២ពាន់គីឡូម៉ែត្រ ដោយត្រូវតាមយានយន្ត និងថ្មើរជើង ឆ្លងកាត់តាមផ្លូវគោក ជម្រាលភ្នំ ឆ្លងទឹក តាមលំនាំដំណើរត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណរបស់ព្រះសាស្តាសម្មាសម្ពុទ្ធ កាលពីជាង២៥៥០ឆ្នាំមុន៕