ឥណ្ឌូណេស៊ី៖ សាលារៀនជាច្រើនត្រូវបានបិទទ្វារ ដោយសារអ័ព្ទផ្សែងមកពីភ្លើងឆេះព្រៃ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ សាលារៀនជាច្រើននៅលើកោះ Borneo និងកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៊ីត្រូវបានបិទទ្វារដោយសារតែអ័ព្ទផ្សែងមកពីភ្លើងឆេះព្រៃ ខណៈដែលប្រទេសនេះកំពុងមានការឆ្លងជំងឺផ្លូវដង្ហើមរាប់ពាន់ករណី។

យោងតាមអាជ្ញាធរបានឱ្យដឹងថា សាលារៀននៅទីក្រុងពីរនៅភាគកណ្តាលខេត្ត កាលីម៉ាន់តាន់ ត្រូវបានបិទទ្វារនៅក្នុងសប្តាហ៍នេះ ដោយសារការព្រួយបារម្ភអំពីការបំពុល ខណៈដែលសាលារៀនជាច្រើននៅខេត្ត Riau ក៏ត្រូវបានបិទផងដែរ។

ប្រធានទីភ្នាក់ងារសុខាភិបាលនៅខេត្ត Riau បាននិយាយថា ខេត្តស៊ូម៉ាត្រា បានបើកមជ្ឈមណ្ឌល បណ្តោះអាសន្នចំនួន ១២ នៅក្នុងរដ្ឋធានី Pekanbaru ដើម្បីព្យាបាលមនុស្សដែលមានជំងឺផ្លូវដង្ហើម។

ស្ថិតិពីក្រសួងសុខាភិបាលរបស់ឥណ្ឌូណេស៊ីបានបង្ហាញថា ការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវបានប៉ះពាល់ដល់ប្រជាជនប្រមាណជិត ១១.៧៦០នាក់ នៅទីក្រុង Palangka Raya  ប្រជាជន ១៥.៣៤៦ នាក់ នៅខេត្ត Riau និងប្រជាជនជាង ១៥.០០០ នាក់នៅទីក្រុង Jambi ។

ក្រសួងនេះបានចែកចាយរបាំងបិទមុខជាង ១,២លានរបាំង នៅតាមតំបន់ដែលរងផលប៉ះពាល់ និងថ្នាំព្យាបាលជំងឺផ្លូវដង្ហើមចំនួន ១.០០០ដប។

សន្ទស្សន៍នៃការបំពុលខ្យល់នៅទីក្រុង Palangka Raya ដែលជារដ្ឋធានីនៃខេត្តភាគកណ្តាល កាលីម៉ាន់តាន់ នៅលើកោះ Borneo មានកម្រិត «គ្រោះថ្នាក់» ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈដែលគុណភាពខ្យល់នៅក្នុងតំបន់ផ្សេងទៀត ដូចជាខេត្ត Jambi និងខេត្ត Riau នៅលើកោះស៊ូម៉ាត្រា ក៏មានកម្រិត  «មិនល្អ» ផងដែរ។ ។

ការមើលឃើញភាពមិនល្អនេះ ដោយសារអ័ព្ទផ្សែងដែលបានធ្វើឱ្យប៉ះពាល់ដល់អាកាសយានដ្ឋានចំនួន ១១ នៅទូទាំងកោះស៊ូម៉ាត្រា និងផ្នែកខ្លះនៃកោះ Borneo កាលពីថ្ងៃទី១៦ ខែកញ្ញា ដែលបណ្តាលឱ្យជើងហោះហើរចំនួន ១០ ត្រូវបានលុបចោល និងជើងហោះហើរចំនួន ៥០ ត្រូវបានពន្យារពេលនិងបង្វែរទិសដៅ។

ប្រទេសឥណ្ឌូណេស៊ី និងប្រទេសជិតខាងនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបានរងការវាយប្រហារដោយអ័ព្ទផ្សែងពីការបំផ្លាញព្រៃឈើ និងដូងប្រេង ប៉ុន្តែលក្ខខណ្ឌនៅឆ្នាំនេះ គឺអាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០១៥ មក ដោយសារតែលំនាំអាកាសធាតុអេលនីណូ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)