អាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រៀមផែនការកែលម្អទីក្រុងដើម្បីប្រកួតប្រជែងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖

អាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រៀមផែនការកែលម្អទីក្រុងដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ សម្រាប់ឆ្នាំ២០២០-២០២២ ដែលគ្រោងនឹងប្រកាសលទ្ធផលក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសប្រ៊ុយណេដារូសាឡឹម។

លោក សេង សាលី មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា  ក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដែលមានបេក្ខភាពទីក្រុង-ខណ្ឌ ឆ្នើមថ្មីចំនួន០៦ ដើម្បីត្រៀមលក្ខណៈសម្បត្តិឈានឆ្ពោះទៅរកជ័យលាភី ក្នុងនោះក៏មានខេត្តកំពង់ឆ្នាំងផងដែរ។ លោកបន្តថា ការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ បានធ្វើឲ្យខេត្តមានសោភ័ណភាពទាក់ទាញកាន់តែប្រសើរឡើង ហើយប្រជាពលរដ្ឋក៏ទទួលបានផលប្រយោជន៍ជាច្រើនពីវិស័យទេសចរណ៍ផងដែរ។

សម្លេង៖ ការរៀបចំទីក្រុងទេសចរណ៍ស្អាតអាស៊ាន នឹងវាបានផ្ដល់ប្រយោជន៍ឲ្យក្រុងមានសោភ័ណភាពមានភាពស្អាតគ្រប់វិស័យ ដែលចូលរួមនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យក្រុងមានភាពស្អាតនិងភាពបៃតង និងមានរចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ក្រោយពីមានការចូលរួមពីបណ្ដាអង្គភាព មន្ទីរពាក់ព័ន្ធបានយកមកនៅឯកសារសកម្មភាពដែលបានធ្វើក្នុងការអភិវឌ្ឍទីក្រុងសរុបបញ្ចូលគ្នាដើម្បីដាក់ទៅគណៈកម្មការវាយតម្លៃថ្នាក់ជាតិ។

លោកបានបញ្ជាក់ថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានចេញសេចក្ដីជូនដំណឹង ស្ដីពី «នីតិវិធីវាយតម្លៃនៃចលនាប្រឡប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ សម្រាប់កម្ពុជា»បេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ រួមមាន៖ ក្រុងកំពត (ខេត្តកំពត), ខណ្ឌដូនពេញ (រាជធានីភ្នំពេញ), ក្រុងកំពង់ចាម (ខេត្តកំពង់ចាម), ក្រុងពោធិ៍សាត់ (ខេត្តពោធិ៍សាត់), ក្រុងតាខ្មៅ (ខេត្តកណ្តាល), និងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង)។

សូមបញ្ជាក់ថា កម្មវិធីប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ សម្រាប់ឆ្នាំ២០២០-២០២២ គ្រោងនឹងប្រកាសលទ្ធផលក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសប្រ៊ុយណេដារូសាឡឹម នាដើមខែមករា ក្នុងឆ្នាំ២០២០៕