សម្តេចប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលកិច្ចប្រជុំកម្រិត​ប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ -សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋ​សភា​កម្ពុជា ចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ នៅសាធារណរដ្ឋ​កាហ្សាក់​ស្ថាន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្ដម Nurlan Nigratulin ប្រធានរដ្ឋសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់​ខ្ពស់រដ្ឋសភា​កម្ពុជា ចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នៅសាធារណរដ្ឋកាហ្សាក់   ស្ថា​ន​ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមមូលបទ “ឧត្តមភាពកាន់តែខ្ពង់​ខ្ពស់​សម្រាប់តំបន់ យូរ៉ាស៊ា : កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ”។

កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប មានការផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ា សហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ ហើយក៏ជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់​មួយសម្រាប់ការពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈ យោបល់ ក្នុងការការពារផលប្រយោជន៍​នៃការ​អភិវឌ្ឍ​ប្រកបដោយចីរភាព និងសុខុមាលភាពសង្គមនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំង​មូល។ ជាមួយគ្នានេះ នៅក្នុងអំឡុងពេលនៃចូលរួមកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងជួបពិភាក្សាការងារទ្វេ​ភាគីជា​មួយសមភាគី ប្រធានរដ្ឋសភានៃសាធារណរដ្ឋ កាហ្សាក់ស្ថាន ប្រធានសភាពិគ្រោះយោបល់​នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងគ្រោងជួបជាមួយសមភាគីសភាចិន រុស្ស៊ី និងសាធារណរដ្ឋ​កូរ៉េ។ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីសភាតំបន់អាស៊ី និងអឺរ៉ុបប្រមាណជា៦០ប្រទេស និងអង្គការសង្កេតការណ៍អន្តរជាតិធំៗ ប្រមាណ៩អង្គការ ដែលក្នុងនោះ ជាប្រធានសភា មានចំនួនប្រមាណជាង៤០ប្រទេសចូលរួមផងដែរ។

សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី១ បានប្រារព្ធធ្វើឡើង​នៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៦ លើកទី២ ធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៧ និងលើកទី៣ ធ្វើឡើងនៅប្រទេស តួកគី ក្នុងឆ្នាំ២០១៨៕

ដោយ ប៊ុនរិទ្ធ