គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន នៅសប្តាហ៍ក្រោយនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន នៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីបានទទួលការអញ្ជើញរបស់ ឯកឧត្តម Nurlan Nigmatulin ប្រធានរដ្ឋសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី១៧ ខែកញ្ញានេះ បានឲ្យដឹងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំនេះចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមមូលបទ«ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់តំបន់យូរ៉ាស៊ា : កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ»។
កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប មានការផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ាសហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ ហើយក៏ជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់មួយសម្រាប់ការពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈ យោបល់ ក្នុងការការពារផលប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាព សង្គមនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងអំឡុងពេលនៃចូលរួមកិច្ចប្រជុំនេះ សម្តេចពញាចក្រី ហេងសំរិន នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី ប្រធានរដ្ឋសភានៃសាធារណរដ្ឋកាហ្សាស្ថាន ប្រធានសភាពិគ្រោះយោបល់នៃសាធារណរដ្ឋអ៊ីស្លាមអឺរ៉ង់ និងគ្រោងជួបជាមួយសមភាគីសភាចិន រុស្ស៊ី និងសាធារណរដ្ឋកូរ៉េ ខណៈកិច្ចប្រជុំនេះ នឹងមានការចូលរួមពីសភាតំបន់អាស៊ី និងអឺរ៉ុបប្រមាណជា៦០ប្រទេស និងអង្គការសង្កេតការណ៍អន្តរជាតិធំៗ ប្រមាណ ៩អង្គការ ដែលក្នុងនោះ ជាប្រធានសភាមានចំនួនប្រមាណជាង ៤០ប្រទេស ចូលរួមផងដែរ។
សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី១ បានប្រារព្ធធ្វើឡើងនៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៦ លើកទី២ ធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៧ និងលើកទី៣ ធ្វើឡើងនៅប្រទេសទួរគី ក្នុងឆ្នាំ២០១៨៕
វ៉ាង ភក្តី ១៧ ០៩ ២០១៩