ក្រុមហ៊ុន រីណេ សេល ធី គ្លីនិក បានផ្ដល់ អង្ករចំនួន១តោនកន្លះ ដល់ ក្រសួងព័ត៌មាន

វិទ្យុជាតិកម្ពុជា៖​ លោកស្រី ប៉ុង សុភាវី ១៧ កញ្ញា ២០១៩

ក្រុមហ៊ុន រីណេ សេល ធី គ្លីនិក ប្រទេសកូរ៉េ បានផ្ដល់អង្ករចំនួន១តោនកន្លះ ដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅបំពេញសកម្មមនុស្សធម៏ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រា។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាស ទទួលជួប លោក ចូ បីយ៉ុង មូ អគ្គនាយកក្រុមហ៊ុន រីណេ សេល ធី គ្លីនិក សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការក្រសួងព័ត៌មាន បានថ្លែង អំណរគុណ ដល់ក្រុមហ៊ុន ដែលបានផ្តល់អង្ករចំនួន១តោន កន្លះនេះ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រា។ចំពោះការផ្តល់ជាអង្ករនេះឯកឧត្តម បញ្ជាក់ថា នឹងយកទៅប្រគេនដល់ព្រះសង្ឃ តាមបណ្តាវត្តនានា ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម នាររដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំ សម្រាប់ ពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ជាមួយនេះ ក៏ទុកយកទៅចែក ជូនដល់កុមារកំព្រា ប្រជាពលរដ្ឋក្រីក្រ និង កុមារពិការភ្នែក កុមារ គ ថ្លង់ ជាដើម ព្រោះជារៀងរាល់ខែ ឯកឧត្តម តែងតែជួយឧបត្តម ជាស្បៀងអាហារ។ជាមួយគ្នានេះឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានអរគុណដល់ លោក ចូ បីយ៉ុង មូ ដែលបានសន្យា ក្នុងការជួយវះកាត់ ព្យាបាល កុមារមាត់ឆែប ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុង១ខែ ចំនួន២នាក់ ដោយឥតគិតថ្លៃផងដែរ៕