ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ទោះបីជាពលករធ្វើការ ផ្លាស់ពីកន្លែងធ្វើការមួយទៅកន្លែងមួយទៀតក៏ដោយ ក៏នៅតែអាចទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម

វិទ្យុជាតិកម្ពុជា: លោកស្រី ប៉ុង សុភាវី ១៧ កញ្ញា ២០១៩

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ទោះបីជាពលករធ្វើការ ផ្លាស់ពីកន្លែងធ្វើការមួយទៅកន្លែងមួយទៀតក៏ដោយ ក៏នៅតែអាចទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម។
ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហៅកាត់ថា CLMTV ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចូលរួមអបអរសាទរចំពោះវឌ្ឍនភាពនៃការចាប់ផ្ដើមប្រតិបត្តិការលើវិស័យការងារនៃប្រទេសសមាជិក CLMTV ដែលបានផ្ដល់ឱកាសការងារសមរម្យ ដោយបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារ និងការលើកកម្ពស់សិទ្ធិពលករ ទេសន្តប្រវេសន៍ ស្របតាមសេចក្ដីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ នៅទីក្រុងស៊ីបូប្រទេសហ្វីលីពីនឆ្នាំ២០០៧ និងឯកច្ឆន្ទភាពអាស៊ាន ស្ដីពីការការពារនិងលើកកម្ពស់សិទ្ធិពលករ ទេសន្តប្រវេសទីក្រុងម៉ានីល ប្រទេសហ្វីលីពីនឆ្នាំ២០១៧ កន្លងទៅនេះ។
សម្តេចតេជោ បានបន្ថែមថាកម្ពុជាបាននឹងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយប្រទេសមួយចំនួន ក្នុងចំណោមប្រទេសជាមិត្តទាំងបួនដើម្បីរួមចំណែកអនុវត្តនូវសេចក្ដីការណ៍អាស៊ានទីក្រុងសេប៊ូ និងឯកជនភាពអាស៊ាននៅទីក្រុងម៉ានីលដែលជាគោលបំណងរួមនៃប្រទេស CLMTV ដែលបានឯកភាពគ្នាពាក់ព័ន្ធទៅនឹងចល័តភាពនៃរបបសន្តិសុខសង្គមហើយទទួលបានជោគជ័យកន្លងមក។ បច្ចុប្បន្នការធ្វើទេសន្តរប្រវេសន៍ ដើម្បីរកការងារធ្វើគឺជាចរន្តសកលមួយដែលកំពុងជាឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក កន្លងមកការធ្វើទេសន្តប្រវេសន៍ ការងារកើតឡើងតែរវាងប្រទេសដែលមានព្រំដែនជាប់គ្នាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះដោយសារតែមធ្យោបាយទទួលព័ត៌មានក្នុងពិភពលោកកាន់តែទំនើប និងសម្បូរបែបគួបផ្សំនឹងមធ្យោបាយធ្វើដំណើរ និងការដឹកជញ្ជូនកាន់តែងាយស្រួល មានតម្លៃទាបជាងមុន ធ្វើឲ្យប្រជាជនកាន់តែមានភាពងាយស្រួល ក្នុងការធ្វើចំណាកស្រុកស្វែងរកការងារធ្វើ នៅក្រៅប្រទេស ជាការពិតបណ្ដាប្រទេស CLMTV តែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ពលករទេសន្តប្រវេស តាមរយៈការអនុវត្តគោលនយោបាយការពារការគោរពសិទ្ធិនិងលក្ខខណ្ឌការងារស្របតាមបទដ្ឋានអាស៊ាន និងលិខិតតុបករណ៍អន្តរជាតិ ដោយចាត់ទុកការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គម គឺការអនុវត្តសិទ្ធិមនុស្សទន្ទឹមនេះក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងប្រាំក៏បានផ្ដើមគំនិតគិតគូរអំពីចល័តនៃរបរសន្តិសុខសង្គម សម្រាប់ពលករទេសន្តប្រវេសន៍ ដើម្បីបង្កលទ្ធភាពឲ្យពលករនៅតែអាចទទួលយកអត្ថប្រយោជន៍របបសន្តិសុខសង្គម ទោះបីពួកគេផ្លាស់ទីពីកន្លែងការងារពីកន្លែងមួយទៅកន្លែងមួយទៀត ឬពីប្រទេសមួយទៅប្រទេសមួយទៀតក៏ដោយ នេះគឺជាគោលបំណងរួមគ្នានៃប្រទេស CLMTV ក៏ដូចជាសហគមន៍អាស៊ាននិងបណ្ដាប្រទេសនានាលើសាកលលោកដែលអនុវត្តកន្លងមក។ ដូច្នេះក្នុងនាមជាសមាជិកនៃកិច្ចសហប្រតិបត្តិការវិស័យការងារនៃប្រទេស CLMTV កម្ពុជាសូមគាំទ្រគំនិតផ្ដួចផ្ដើមតាមរយៈការដាក់ចេញនូវគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ទាំងពលករទេសន្តប្រវេសន៍កម្ពុជាដែលទទួលដែលធ្វើការនៅបរទេស និងពលករទេសន្តប្រវេសន៍បរទេស ដែលមកធ្វើការនៅកម្ពុជាផងដែរ៕